បាងកក៖ បញ្ហាបង្គាថៃនៅតែមិនទាន់ចប់នៅឡើយ ក្រោយម៉ាឡេស៊ីប្រកាសហាមថៃនាំបង្គាចូលតាំងពីថ្ងៃទី១ ខែមិថុនា ។ តំណាងឱ្យថៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសម៉ាឡេស៊ីនឹងលុបចោលបម្រាមនាំចូលបង្គាពីប្រទេសថៃវិញក្នុងរយៈពេលមួយខែខាងមុខ ប៉ុន្តែភាគីម៉ាឡេស៊ីបានបង្ហាញសញ្ញាផ្ទុយពីនេះ និងបញ្ជាក់ថានៅត្រូវការពន្យារពេលបន្ថែមទៀត។នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post។
ថ្លែងលើបណ្ដាញផ្សព្វផ្សាយហ្វេសប៊ុកផ្ទាល់ខ្លូន លោក Suriya បានរៀបរាប់ថា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad Sabuកាលពីថ្ងៃពុធសប្តាហ៍មុន ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការត្រួតពិនិត្យ និងពន្លឿនដំណើរការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ (SPS) រួមទាំងការពិនិត្យសារធាតុគីមីដែលនៅសេសសល់ ដើម្បីស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញក្នុងរយៈពេល ៣០ថ្ងៃ។
ជាការឆ្លើយតប លោក Adnan Hussain អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី បានចេញមុខបដិសេធចំពោះការរំពឹងទុក ៣០ថ្ងៃរបស់ភាគីថៃ។ លោកបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ម៉ាឡេស៊ីត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃ និងផ្ទៀងផ្ទាត់រាល់ឯកសារ ក៏ដូចជាព័ត៌មានស្តីពីប្រព័ន្ធត្រួតពិនិត្យអនាម័យដែលថៃបានដាក់ជូន មុននឹងសម្រេចចិត្តបើកទីផ្សារឡើងវិញ។
ជម្លោះពាណិជ្ជកម្មវារីវប្បកម្មដ៏តានតឹងនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាវារៈនយោបាយដ៏សំខាន់ នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល និងសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នាចុងសប្តាហ៍នេះ៕