ភ្នំពេញ៖ និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដណ្តើមបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។ ក្រុមជ័យលាភីលេខ១ NPIC នឹងតំណាងកម្ពុជា ដើម្បីទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រ៉ូបូតកម្រិតអាស៊ីបាស៊ីហ្វិក ABU Robocon 2026 នៅហុងកុង ក្នុងខែសីហា។
ការប្រកួតរ៉ូបូតថ្នាក់ជាតិ ABU Robocon 2026 បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងផ្តល់ជាវេទិកាជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជាក្នុងវិស័យរ៉ូបូត ព្រមទាំងលើកទឹកចិត្តដល់ការបង្កើតនវានុវត្តន៍ថ្មីៗ ដើម្បីរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។
ជាលទ្ធផលផ្លូវការនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជ័យលាភីលេខ១ និងលេខ២ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ខណៈដែលជ័យលាភីលេខ៣ បានទៅលើក្រុមកំពូលនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC / តិចណូ)។
លើសពីនេះ កម្មវិធីនេះក៏មានគោលដៅចម្បងក្នុងការស្វែងរកក្រុមជើងឯកឆ្នើម ដើម្បីតំណាងឱ្យប្រទេសជាតិទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣នេះមានការចូលរួមពីនិស្សិតចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសចំនួន៥ ផ្សេងគ្នារួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕