ហ្សាកាតា៖ កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានរកឃើញសាកសពអ្នកបើកយន្តហោះជនជាតិអាម៉េរិកម្នាក់ដែលត្រូវបានសម្លាប់ដោយពួកឧទ្ទាមប៉ាពួកាលពីសប្តាហ៍មុននៅក្នុងខេត្តនៃភាគខាងលិចប៉ាពួ។ ប្រតិបត្តិការរកឃើញសាកសព លោក Nicholas F. Goselin អ្នកបើកយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីនេះធ្វើឡើងភ្លាមៗបន្ទាប់ពីរូបលោក ត្រូវបានសម្លាប់ដោយកងទ័ពរំដោះ ភាគខាងលិចប៉ាពួដែលកំពុងបំបែកខ្លួន ក្រោយលោកពីចុះចតនៅអាកាសយានដ្ឋាន Ipdeheik ជិតភូមិ Balinggama កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ីយន្តហោះដែលលោកបានបើកត្រូវបានដុតបំផ្លាញនៅកន្លែងកើតហេតុ ដែលរូបថតកម្ទេចកម្ទីយន្តហោះនោះបង្ហាញថាបានឆ្លាក់ចូលទៅក្នុងភ្នំដែលមានព្រៃជ្រៅ ក្នុងនោះមានជនស៊ីវិលចំនួនប្រាំពីរនាក់ រួមទាំងស្ត្រីបីនាក់ ដែលនៅក្នុងយន្តហោះជាមួយលោកត្រូវបានគេរាយការណ៍ថាមិនមានរបួស រឺស្លាប់នោះទេ។ វីដេអូកាមេរ៉ាដែលចេញផ្សាយដោយក្រុមកងទ័ពប្រដាប់អាវុធឥណ្ឌូនេស៊ី បានធ្វើប្រតិបត្តិការរុករកសាសពរបស់លោក Nicholas F. Goselin ។
អ្នកនាំពាក្យក្រុមឧទ្ទាមប៉ាពួកលោក Sebby Sambom បានអះអាងថាយន្តហោះដែលលោក Goselin ហោះហើរបានរំលោភលើការហាមឃាត់ការហោះហើរស៊ីវិលនៅក្នុងតំបន់ដែលក្រុមបំបែកខ្លួនចាត់ទុកថាជាតំបន់ប្រតិបត្តិការរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថាការបាញ់ប្រហារអ្នកបើកយន្តហោះ Nicholas F. Goselin គឺជាការព្រមានដល់អង្គការសហប្រជាជាតិ សហរដ្ឋអាម៉េរិក និងហូឡង់ឱ្យដោះស្រាយជម្លោះនៅប៉ាពួជាបន្ទាន់។
គួររម្លឹកថាតំបន់ភាគខាងលិចប៉ាពួ ដែលសម្បូរទៅដោយធនធាន ដែលពីមុនជាអាណានិគមរបស់ហូឡង់ ត្រូវបានបញ្ចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៦៩ ដែលបង្កឱ្យមានជម្លោះដ៏ក្តៅគគុក និងអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍ អំពើហិង្សាបានផ្ទុះឡើងវិញនៅឆ្នាំ ២០២៥ បន្ទាប់ពីពួកឧទ្ទាមបានសម្លាប់បុគ្គលិកអណ្តូងរ៉ែមាសចំនួន ១៨ នាក់ ដែលបង្កឱ្យមានការសងសឹកពីកងកម្លាំងឥណ្ឌូនេស៊ី៕