ប៉េកាំង៖ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ តាមរោងភាពយន្តជាច្រើននៅទូទាំងប្រទេសចិន បាននិងកំពុងទាក់ទាញអ្នកគាំទ្រយ៉ាងខ្លាំង តាមរយៈការចាក់ផ្សាយបន្តផ្ទាល់ការប្រកួតនៅលើអេក្រង់ធំ។ក្នុងរោងភាពយន្តមួយកន្លែងក្នុងរាជធានីប៉េកាំង កៅអីអង្គុយជិត ៤០០ ត្រូវបានបំពេញណែនដោយអ្នកគាំទ្រ ស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពងរាល់ពេលមានការស៊ុតបញ្ចូលទី។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វបផ្សាយរដ្ឋចិន CCTV+ នៅក្នុងក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈួន ការទស្សនា World Cup នៅក្នុងរោងភាពយន្ត ត្រូវបានរៀបចំឡើងយ៉ាងប្លែកភ្នែកជាមួយអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ អ្នកគាំទ្របានទះស្គរ ច្រៀងរួមគ្នា និងទ ស្សនាការសម្តែងសិល្បៈប្តូរមុខ (Sichuan opera face-changing) នៅពីមុខអេក្រង់យ៉ាងសប្បាយរីករាយ។
ចំណែករោងភាពយន្តក្នុងក្រុងហ្វូចូវ (Fuzhou) នៃខេត្តហ្វូជៀន បានដាក់លក់កញ្ចប់សេវាកម្មទស្សនា World Cup រួមជាមួយភេសជ្ជៈពិសេសៗ ដោយមានការផ្តល់ការឧបត្ថម្ភធនលើផ្នែកទេសចរណ៍ និង ការទិញទំនិញដើម្បីទាក់ទាញអតិថិជនបន្ថែម។ក្នុងក្រុងឡាសា (Lhasa) នៃតំបន់ស្វយ័តស៊ីសាំង (Xizang) ក៏អ្នកស្នេហាវិស័យបាល់ទាត់ អាចរីករាយនឹងការទស្សនាការប្រកួតនៅលើអេក្រង់ធំ ទោះបីជាតំបន់នេះត្រូវបានគេមើលឃើញថាដាច់ស្រយាលក្តី។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមហ៊ុន China Film Group និង Huaxia Film របស់ចិន សហការរៀបចំការចាក់ផ្សាយការប្រកួត World Cup លើអេក្រង់ធំបានជាង ២៨,០០០ លើកហើយ នៅទូទាំង ២៥៥ ក្រុង ក្នុងចំណោមតំបន់កម្រិតខេត្តចំនួន ៣១ នៅទូទាំងប្រទេសចិន៕