Img 1426
Swift cc time

ខ្សែប្រយុទ្ធអាម៉េរិក Folarin Balogun រួចផុតពីការពិន័យ«កាតក្រហម»ក្រោយពីលោកត្រាំអន្តរាគមន៍ទៅFIFA

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការបញ្ចុះបញ្ចូលដោយផ្ទាល់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឱ្យលុបចោលបម្រាមប្រកួតមួយប្រកួតរបស់ខ្សែប្រយុទ្ធឆ្នើម Folarin Balogun បន្ទាប់ពីរូបគេបានរងកាតក្រហមក្នុងជំនួបជាមួយក្រុមបូស្ន៊ី និងហឺហ្សេហ្គោវីណា។ ការអន្តរាគមន៍នេះ បាននាំឱ្យមានការប្រកាសជាបន្ទាន់មួយកាលពីថ្ងៃអាទិត្យថា ខ្សែប្រយុទ្ធរូបនេះនឹងអាចចូលលេងឱ្យក្រុមម្ចាស់ផ្ទះអាម៉េរិក ក្នុងជំនួបដ៏សំខាន់ទល់នឹងបែលហ្ស៊ិក នាយប់ថ្ងៃច័ន្ទនេះ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup។

ប្រភពពីសារព័ត៌មាន The Guardian បានទម្លាយថា លោក ត្រាំ បានទូរស័ព្ទទៅកាន់ FIFA ចំនួន ៣លើក គិតចាប់ពីថ្ងៃពុធ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរការសម្រេចចិត្តនេះ។ ក្រោយទទួលបានដំណឹង លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោកថ្លែងអំណរអរគុណដល់ FIFA ដែលបានធ្វើអ្វីដែលត្រឹមត្រូវ និងបានកែប្រែភាពអយុត្តិធម៌ដ៏ធំធេងនេះ។

ជុំវិញករណីនេះ គណៈកម្មាធិការវិន័យរបស់ FIFA បានពន្យល់ថា ខ្លួនបានសម្រេចចិត្តផ្អែកលើមាត្រា ២៧ នៃក្រមវិន័យ FIFA ដែលអនុញ្ញាតឱ្យព្យួរទោសកាតក្រហម ដរាបណាទោសនោះមិនពាក់ព័ន្ធនឹងការរៀបចំលទ្ធផលប្រកួត (Match-fixing)។ លោកពន្យល់ថា កាតក្រហមនេះនៅតែមាននៅក្នុងកំណត់ត្រារបស់ Balogun ដដែល ក្រោមលក្ខខណ្ឌសាកល្បងរយៈពេលមួយឆ្នាំ ប្រសិនបើរូបគេប្រព្រឹត្តកំហុសស្រដៀងគ្នានេះម្តងទៀត នោះបម្រាមមួយប្រកួតនឹងត្រូវអនុវត្តភ្លាមៗ។ កន្លងមក FIFA ក៏ធ្លាប់ប្រើប្រាស់មាត្រានេះដើម្បីជួយដោះលែង Cristiano Ronaldo ឱ្យចូលលេងក្នុងប្រកួតបើកឆាក World Cup ឱ្យព័រទុយហ្គាល់ ក្រោយរងកាតក្រហមពេលជួបនឹងអៀរឡង់។

ដំណឹងនៃការវិលត្រឡប់របស់ Balogun បានធ្វើឱ្យក្រុមជម្រើសជាតិអាម៉េរិកសម្តែងការត្រេកអរ និងរំភើបយ៉ាងខ្លាំងសម្រាប់ការត្រៀមប្រកួតកាត់សេចក្តីដ៏សំខាន់ជាមួយបែលហ្ស៊ិក ដើម្បីស្វែងរកកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០២ មក ខណៈគ្រូបង្វឹកលោក Mauricio Pochettino កោតសរសើរថាជាការសម្រេចចិត្តដ៏យុត្តិធម៌ ព្រោះកាតក្រហមនោះជារឿងអចេតនា។

គ្រូបង្វឹកអាហ្សង់ទិន លោក Mauricio Pochettino

ផ្ទុយទៅវិញ ភាគីបែលហ្ស៊ិកបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយសមាគមបាល់ទាត់បែលហ្ស៊ិក (RBFA) ចាត់ទុកចំណាត់ការរបស់ FIFA ថាខុសនឹងលក្ខន្តិកៈស្វ័យប្រវត្តិនៃកាតក្រហម និងកំពុងពិនិត្យជម្រើសផ្លូវច្បាប់ដែលអាចធ្វើទៅបាន ខណៈគ្រូបង្វឹកលោក Rudi Garcia បានរិះគន់ចំៗដោយប្រៀបធៀបការសម្រេចចិត្តនេះទៅនឹងរឿងកំប្លែងថ្ងៃកុហក (April Fools' Day) ដែលបំផ្លាញភាពសុចរិត និងក្រមសីលធម៌នៃវិស័យបាល់ទាត់ទាំងមូល៕

គ្រូបង្វឹកភាគីបែលហ្ស៉ិក លោក Rudi Garcia


Khcct banner

អត្ថបទទាក់ទង