Img 1426
Swift cc time

ពលរដ្ឋឥណ្ឌូនេស៊ីជិត ១២,០០០នាក់ ប្រញាប់ត្រឡប់ទៅស្រុកវិញ ក្រោយកម្ពុជាបង្ក្រាបបណ្តាញឆបោកអនឡាញទ្រង់ទ្រាយធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ០៣កក្កដា បានកត់ត្រានូវការកើនឡើងយ៉ាងគំហុកនៃចំនួនពលរដ្ឋខ្លួនដែលស្នើសុំធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា ក្រោយរដ្ឋាភិបាលកម្ពុជាបើកការបង្រ្កាបទ្រង់ទ្រាយធំលើការឆបោកតាមអនឡាញ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានពាក្យស្នើសុំសរុបចំនួន ១១,៩៨៦ ករណី ដែលកើនឡើងជាងទ្វេដងធៀបនឹងឆ្នាំ២០២៥(មានត្រឹម ៥,០៨៨ ករណី)។នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Straits Times។

លោកស្រី Heni Hamidah ប្រធាននាយកដ្ឋានគាំពារពលរដ្ឋឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃទី២ ខែកក្កដាថា បច្ចុប្បន្នមានពលរដ្ឋឥណ្ឌូនេស៊ីជិត ១២,០០០នាក់ កំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលនានា និងស្ថានទូត ដើម្បីរង់ចាំឯកសារធ្វើដំណើរជាបន្ទាន់។ ក្នុងនោះ មាន ១,៨៤០ នាក់ កំពុងស្ថិតក្នុងមណ្ឌលអន្តោប្រវេសន៍កម្ពុជា (៧៩២ នាក់ នៅពោធិ៍ចិនតុង, ៩៤៨ នាក់ នៅបាទី និង ១០០ នាក់ នៅភ្នំពេញ)។

លោកស្រីបន្ថែមថា ភាគីឥណ្ឌូនេស៊ីកំពុងចរចាជាមួយអាជ្ញាធរកម្ពុជា ដើម្បីសុំលើកលែងប្រាក់ពិន័យហួសទិដ្ឋាការ (Overstay) ខណៈការធ្វើដំណើរត្រឡប់ទៅវិញ គឺតម្រូវឱ្យពលរដ្ឋចេញថ្លៃចំណាយផ្ទាល់ខ្លួន។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានដាក់ចេញនូវប្រព័ន្ធ «បុគ្គលដែលត្រូវយកចិត្តទុកដាក់» (SOI) ដើម្បីតាមដានអ្នកដំណើរដែលមានហានិភ័យខ្ពស់ ជៀសវាងការធ្លាក់ចូលក្នុងបណ្តាញឆបោកអនឡាញ ដោយមិនរំលោភលើសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋ។

គួរជម្រាបថា របត់នេះកើតឡើងបន្ទាប់ពីកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃកាលពីចុងឆ្នាំ២០២៥ ដោយបានចុះឆ្មក់ទីតាំងឆបោកជាង ២៥០ កន្លែង និងកាស៊ីណូ ៩១ កន្លែង ដែលឈានទៅដល់ការចាប់ខ្លួនមេខ្លោង និងបណ្តេញជនបរទេសចេញជិត ៥០,០០០ នាក់។ ទំហំនៃការបណ្តេញចេញដ៏ច្រើននេះ បានធ្វើឱ្យប្រព័ន្ធអន្តោប្រវេសន៍កម្ពុជាជួបការកកស្ទះ ដោយជនបរទេសរាប់ពាន់នាក់ត្រូវជាប់គាំងនៅតាមមណ្ឌលឃាត់ខ្លួន។

Khcct banner

អត្ថបទទាក់ទង