ប៉ាគីស្ថាន៖ មានយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីឡានក្រុងដឹកអ្នកដំណើរដែលផ្ទុកមនុស្សជាច្រើនបានធ្លាក់ចូលទៅក្នុងជ្រោះមួយនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ អាជ្ញាធរក្នុងតំបន់អះអាងថាឡានក្រុងនេះកំពុងធ្វើដំណើរពីទីក្រុង Quetta ទៅកាន់ទីក្រុង Peshawar ហើយបើកជ្រុលចង្កូតធ្លាក់ចូលទៅក្នុងជួរភ្នំ Dana Sar នៅព្រំដែនរវាងខេត្ត Balochistan និងខេត្ត Khyber Pakhtunkhwa នៅម៉ោងប្រមាណ ៨ ព្រឹកកាលពីថ្ងៃសុក្រ។
មន្រ្តីនៅតំបន់កើតហេតុបានប្រាប់ទីភ្នាក់ងារព័ត៌មាន BBC News ថា មនុស្សសរុបចំនួន ៤៨ នាក់ រួមទាំងស្ត្រី និងកុមារមួយចំនួន បាននៅលើឡាននៅពេលដែលគ្រោះថ្នាក់នេះបានកើតឡើង។មូលហេតុនៃការធ្លាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែរបាយការណ៍បឋមបានបង្ហាញថា បញ្ហាចង្កូតទើបនាំឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រងមុនពេលជ្រុលទៅធ្លាក់ក្នុងជ្រោះ។
រូបថតពីកន្លែងកើតហេតុបានបង្ហាញឡានក្រុងដែលខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីវាធ្លាក់ទៅបាតជ្រោះ។ មន្ត្រីបានបញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកក្នុងទីក្រុង Zhob ចម្ងាយប្រហែល ៦៨ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ប្រធានាធិបតីប៉ាគីស្ថានលោក Asif Ali Zardari និងនាយករដ្ឋមន្ត្រី Shehbaz Sharif បានសម្តែងការសោកស្ដាយចំពោះការស្លាប់នេះ។ នៅក្នុងការបង្ហោះមួយនៅលើ X លោក Sarfraz Bugti លោកបញ្ជាក់ថាមានការ «សោកស្ដាយយ៉ាងខ្លាំង» ដែលបានឮអំពីគ្រោះថ្នាក់នេះ ហើយលោកបានបញ្ជាឱ្យមានការស៊ើបអង្កេតមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់។
គួរកត់សម្គាល់ថាគ្រោះថ្នាក់ដ៏សាហាវគឺជារឿងធម្មតានៅលើដងផ្លូវរបស់ប្រទេសប៉ាគីស្ថាន ជារឿយៗបណ្តាលមកពីការបើកបរដោយមិនប្រុងប្រយ័ត្ន ផ្ទៃផ្លូវមិនល្អ និងយានយន្តដែលមិនបានថែទាំល្អត្រឹមត្រូវ ដោយកាលពីឆ្នាំ ២០២៤ ក៏មានយ៉ាងហោចណាស់អ្នកធ្វើធម្មយាត្រាចំនួន ១៧ នាក់បានស្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីឡានក្រុងរបស់ពួកគេបានធ្លាក់ចូលទៅក្នុងជ្រោះមួយ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ខេត្ត Balochistan សម្រាប់ពិធីបុណ្យ Eid៕