ថៃ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រថៃ បានចេញសេចក្តីជូនដំណឹងជាថ្មី ដោយអំពាវនាវឱ្យពលរដ្ឋចិនបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនសម្រេចចិត្តធ្វើដំណើរចូលប្រទេសថៃ និង ប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាពផ្តល់ការងារប្រាក់ខែខ្ពស់។ការព្រមាននេះ ធ្វើឡើងស្របពេលអាជ្ញាធរកម្ពុជាកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ក្នុងការបង្ក្រាប និង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ធ្វើឱ្យបណ្តាញឧក្រិដ្ឋកម្មមួយចំនួនផ្លាស់ប្តូរទិសដៅទៅកាន់ប្រទេសជិតខាង និង ប្រើប្រាស់ការផ្សព្វផ្សាយការងារក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ។
សូមបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយជាច្រើននៅលើបណ្តាញអ៊ីនធឺណិតរបស់ចិន ដោយអះអាងថា «គ្រាន់តែចំណាយប្រាក់ គឺអាចចូលប្រទេសថៃបាន», «មានបណ្តាញខាងក្នុងជាមួយអាជ្ញាធរថៃ» ឬ «ឆ្លងព្រំដែនចាយលុយមិនបាច់សួរនាំច្រើន» ព្រមទាំងសន្យាផ្តល់ការងារប្រាក់ខែខ្ពស់នៅប្រទេសថៃ។ ប៉ុន្តែ ស្ថានទូតបានចេញមកអំពាវនាវ ឱ្យពលរដ្ឋកុំជឿលើការផ្សព្វផ្សាយទាំងនេះ។
តាមរយៈគណនីផ្លូវការលើបណ្តាញសង្គម WeChat ស្ថានទូតចិន បានណែនាំឱ្យពលរដ្ឋខ្លួន សិក្សាឱ្យបានច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសថៃ មុនធ្វើដំណើរ រៀបចំផែនការធ្វើដំណើរ កន្លែងស្នាក់នៅ និងឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់។
ជាមួយគ្នានេះ ទូតចិននៅថៃ បានជំរុញឱ្យពលរដ្ឋចិនត្រូវសិក្សាស្វែងយល់ឱ្យបានម៉ត់ចត់ ពីច្បាប់នានារបស់ថៃមុនធ្វើដំណើរចូល ហើយត្រូវរៀបចំផែនការដើរកម្សាន្ត ការស្នាក់នៅឱ្យបានច្បាស់លាស់អមជាមួយរៀបចំឯកសារនានា និងកុំចូលរួមធ្វើសកម្មភាពខុសច្បាប់ផ្សេងដូចជា ការលេងល្បែងស៊ីសងតាមអ៊ីនធឺណិត និង ការឆបោកនានាជាពិសេស ការឆបោកតាម Online Scams។
បើតាមទូតចិន បានបន្តរម្លឹកឱ្យពលរដ្ឋខ្លួនថា ពេលចូលប្រទេសថៃ កុំងាយជឿពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិត និង ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្នុងករណីជួបបញ្ហាត្រូវសហការជាមួយអាជ្ញាធរអនុវត្តច្បាប់នៅនឹងកន្លែង ឬរាយការណ៍ទៅប៉ូលីសក្នុងតំបន់ជាបន្ទាន់ ហើយទាក់ទងស្ថានទូត ឬស្ថានកុងស៊ុលចិនប្រចាំប្រទេសថៃ សម្រាប់ជំនួយជួយសង្គ្រោះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលទូតចិនប្រចាំនៅប្រទេសថៃ ចេញសារព្រមានដល់ពលរដ្ឋខ្លួនពេលចូលប្រទេសថៃ ។សារនេះ ធ្វើឡើងខណៈដែលនៅរយៈពេលចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា កំពុងក្លាយជាតំបន់កណ្តាលប្រមូលផ្តុំដោយមេឆបោកធំ ហើយបញ្ជាទៅកាន់ប្រទេសផ្សេង ជាពិសេសមេ Online Scams៕