ហ្សាការតា៖ ក្រុមឧទ្ទាមនៅក្នុងតំបន់ភាគខាងកើតបំផុតនៃខេត្តប៉ាពួររបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២ ខែកក្កដា បានបាញ់សម្លាប់អ្នកបើកយន្តហោះអាម៉េរិកម្នាក់ និងដុតយន្តហោះស៊ីវិលមួយគ្រឿងចោល។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមឧទ្ទាមប៉ាពួបំបែកខ្លួនបានប្រកាសហើយចាត់ទុកការសម្លាប់នេះជាការផ្ញើរសារទៅកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងឥណ្ឌូនេស៊ី។
លោក Sebby Sambom អ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិប៉ាពួរខាងលិច (TPNPB) ដែលជាក្រុមបំបែកខ្លួនប្រដាប់អាវុធ បានប្រកាសថាកងទ័ពរបស់ពួកគេបានបាញ់សម្លាប់អ្នកបើកយន្តហោះអាម៉េរិកម្នាក់ដែលមានឈ្មោះថា Nicholas F. Gosselin ហើយដុតយន្តហោះរបស់គេបន្ទាប់ពីយន្តហោះនេះបានចុះចតនៅក្នុងតំបន់ Yahukimo នៃខេត្ត Highland Papua។ លោកថា យន្តហោះនេះបានជួយទម្លាក់យោធាឥណ្ឌូនេស៊ីជាញឹកញាប់ និងរំលោភលើឱសានវាទរបស់ក្រុម។ លោក Sebby បន្តថាការវាយប្រហារនៅក្នុងស្រុក Balinggama នៃខេត្ត Yahukimo គឺជាសារមួយទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងសហរដ្ឋអាម៉េរិកចំពោះ "ការបរាជ័យក្នុងការដោះស្រាយមូលហេតុដើមនៃជម្លោះនៅខេត្ត Papua រវាងយោធាឥណ្ឌូនេស៊ី និងកងទ័ពរំដោះជាតិ West Papua"។
ជាការឆ្លើយតបលោក Yusuf Sutejo អ្នកនាំពាក្យនៃប្រតិបត្តិការរួមគ្នារវាងប៉ូលីស និងយោធារបស់ប្រទេសឥណ្ឌូនេស៊ីនៅខេត្ត Papua បានបញ្ជាក់ថា យន្តហោះមួយគ្រឿងដែលមានអ្នកបើកយន្តហោះអាម៉េរិកម្នាក់ដឹកអ្នកដំណើរចំនួនប្រាំពីរនាក់ត្រូវបានគេរកឃើញថាឆេះនៅឯអាកាសយានដ្ឋានក្នុងស្រុកមួយក្នុងខេត្ត Yahukimo ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថាតើវាត្រូវបានវាយប្រហារដោយពួកឧទ្ទាម ឬថាតើអ្នកបើកយន្តហោះត្រូវបានសម្លាប់ឬអត់។ លោកថា អ្នកដំណើរទាំងអស់គឺជាជនជាតិ Papua។
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងហ្សាកាតាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕