រ៉ង់ហ្គូន៖ យោងតាមទិន្នន័យចុងក្រោយពីក្រុមតាមដានជម្លោះ ACLED បានឱ្យដឹងថា មនុស្សជាង ១០០,០០០ នាក់មកពីគ្រប់ភាគីជម្លោះ បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបានរុញច្រានប្រទេសនេះទៅក្នុងសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរ៉ៃ។
យោងតាមការចុះផ្សាយរបស់កាសែត The Star ក្រុមអ្នកវិភាគបានចាត់ទុកសង្គ្រាមស៊ីវិលពាក់កណ្តាលទសវត្សរ៍នេះថាជា «ជម្លោះសកម្មដែលបង្ហូរឈាមខ្លាំងបំផុតនៅអាស៊ី» និងជា «ជម្លោះដែលបែកបាក់គ្នាច្រើនបំផុតនៅលើពិភពលោក» ដោយមានក្រុមប្រដាប់អាវុធខុសៗគ្នារហូតដល់ទៅជាង ១,២០០ ក្រុម។ កាលពីឆ្នាំមុន មីយ៉ាន់ម៉ាគឺជាតំបន់រងការវាយប្រហារដោយជម្លោះខ្លាំងជាងគេលំដាប់ទីពីរនៅលើពិភពលោក ស្ថិតនៅពីក្រោយតែដែនដីប៉ាឡេស្ទីនប៉ុណ្ណោះ។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនស៊ីវិលជាង ៣.៧ លាននាក់កំពុងភៀសខ្លួនផ្ទៃក្នុងប្រទេស និងប្រជាជនម្នាក់ក្នុងចំណោម ៥ នាក់ កំពុងប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ក្រៅពីការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃ វិបត្តិនេះបានបង្ខំឱ្យភាគីយោធាអនុវត្តច្បាប់កេណ្ឌទ័ពដោយបង្ខំ ព្រមទាំងបានជះឥទ្ធិពលដល់ប្រទេសជិតខាង (ថៃ និងបង់ក្លាដេស) តាមរយៈលំហូរជនភៀសខ្លួន និងការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន និងបណ្តាញឆបោកតាមអនឡាញ (Online scam) នៅតាមតំបន់ព្រំដែន។
គួររំលឹកថា មេដឹកនាំយោធា លោក មីន អ៊ុងឡាំង បានចូលនិវត្តន៍ពីកងទ័ព ដើម្បីមកកាន់តំណែងជាប្រធានាធិបតីស៊ីវិលកាលពីខែមេសាកន្លងទៅ តាមរយៈការបោះឆ្នោតមួយដែលរងការរិះគន់យ៉ាងខ្លាំងពីក្រុមតាមដានប្រជាធិបតេយ្យ និងក្រុមឧទ្ទាមថាជា «ល្ខោនឆាក» ដើម្បីលាងខាត់អំណាចរបស់លោកលើឆាកអន្តរជាតិប៉ុណ្ណោះ៕