Img 1426
Swift cc time

អ៊ីរ៉ង់ព្រមាន«អាម៉េរិក-អ៊ីស្រាអែល»បើហ៊ានវាយប្រហារចំថ្ងៃបុណ្យសពលោក អាលី ខាមេនី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេបញ្ជាការយោធាអ៊ីរ៉ង់លោក Ali Abdollahi 

អ៊ីរ៉ង់៖ មេបញ្ជាការយោធាអ៊ីរ៉ង់លោក Ali Abdollahi បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថានឹងប្រឈមការវាយតបតវិញយ៉ាងធ្ងន់ធ្ងរបំផុតប្រសិនបើប្រទេសទាំងពីរបន្តពួតដៃគ្នាវាយប្រហារម្តងទៀតលើអ៊ីរ៉ង់ចំថ្ងៃដែលអ៊ីរ៉ង់ធ្វើពិធីបុណ្យសពជូន កំពូលមេដឹកនាំអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេនី ដែលពិធីបុណ្យសពនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ធ្វើឡើងនៅឯបរិវេណអធិស្ឋាន Mosalla ដែលជាទីកន្លែងសំខាន់ក្នុងការជួបជុំសាសនាទ្រង់ទ្រាយធំរបស់រដ្ឋ នឹងមានមនុស្សប្រមាណ ២០ លាននាក់ចូលរួម។

បើតាមលោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា យើងព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាម៉េរិក និងរបប Zionist (អ៊ីស្រាអែល) ឱ្យជៀសវាងការគណនាខុស និងគិតអំពីការវាយប្រហារណាមួយមកលើយើងចំថ្ងៃពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក៏បានព្រមានស្រដៀងគ្នានេះថា ទីក្រុងតេអេរ៉ង់នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លាចំពោះការគំរាមកំហែងណាមួយប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួននាថ្ងៃស្អែកនេះ។

គួររម្លឹកថាបើគ្មានអ្វីប្រែប្រួលនោះទេ ពិធីដង្ហែសពលោក ខាមេនី នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដាស្អែកនេះ នៅទីក្រុងតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី ៩ ខែកក្កដា ជាមួយនឹងការបញ្ចុះសពរបស់លោកនៅក្នុងស្រុកកំណើតរបស់គាត់គឺ Mashhad ជាមួយនឹងពិធីបន្ថែមដែលបានគ្រោងទុកនៅទីក្រុង Qom និងអ៊ីរ៉ាក់នៅចន្លោះកាលបរិច្ឆេទទាំងនេះ។ អ៊ីរ៉ង់នឹងចាត់វិធានការសន្តិសុខកាន់តែតឹងរ៉ឹងក្នុងអំឡុងពេលពិធីបុណ្យសព ហើយការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ននឹងត្រូវបានអនុវត្តលើទីក្រុងជាច្រើន រួមទាំងទីក្រុងតេអេរ៉ង់ និងទីក្រុង Mashhad ជាដើម៕

Khcct banner

អត្ថបទទាក់ទង