ភ្នំពេញ៖ ទោះបីជាចាប់ផ្តើមជីវិតជាកម្មកររោងចក្រ និងធ្លាប់រងពាក្យបង្អាប់ពីអ្នកជុំវិញខ្លួនក៏ដោយ លោក ពិន សុខនាម មកពីខេត្តកំពង់ស្ពឺ វ័យ ៣៥ឆ្នាំ បានជម្នះរាល់ឧបសគ្គជីវភាពដើម្បីផ្គត់ផ្គង់គ្រួសារ ព្រមទាំងអភិវឌ្ឍខ្លួនពីចុងភៅ រហូតដណ្តើមបានជ័យលាភីរងក្នុងការប្រកួត Mister Impulse Phnom Penh 2026 និងបានចូលរួមសម្តែង ដើម្បីជម្នះឱ្យឃើញថា «សមត្ថភាព និងការតស៊ូ គឺសំខាន់ជាងសម្រស់នៅក្នុងវិស័យសិល្បៈ»។
លោក ពិន សុខនាម មកពីខេត្តកំពង់ស្ពឺ បានរៀនចប់ត្រឹមថ្នាក់ទី១២ ពីវិទ្យាល័យ ឌី ប៉ុក កាលពីឆ្នាំ២០០៩។ ក្រោយបញ្ចប់ការសិក្សា លោកមិនបានមានឱកាសចូលរៀននៅសាកលវិទ្យាល័យនោះឡើយ ដោយសារតែជីវភាពគ្រួសារមិនមានលទ្ធភាពផ្គត់ផ្គង់។ ក្រោយចប់បាក់ឌុប លោកក៏បានចំណាយពេលធ្វើជាកម្មកររោងចក្ររយៈពេលប្រមាណ៤ឆ្នាំមុនឡើងមកបន្តក្តីស្រមៃនៅភ្នំពេញ។
មុននឹងចូលធ្វើការនៅរោងចក្រ លោកមានទេពកោសល្យផ្នែកធ្វើម្ហូបអាហារតាំងពីនៅវ័យជំទង់ ដូចនេះនៅឆ្នាំ២០១៣ លោកបានសម្រួចទេពកោសល្យរបស់ខ្លួនបន្ថែមទៀត ដោយបានឈោងចាប់ក្តីស្រមៃថ្មីមួយគឺការក្លាយជាចុងភៅនៅអង្គការជួយកុមារមួយនៅភ្នំពេញ អស់រយៈពេល៥ឆ្នាំ មុននឹងបន្តអាជីពជាចុងភៅនៅហាងជប៉ុនមួយក្នុងពេលបច្ចុប្បន្ន។
ក្នុងនាមជាកូនទី៦ ក្នុងចំណោមបងប្អូន៩នាក់ លោក ពិន សុខនាម ត្រូវទទួលរ៉ាប់រងការចំណាយផ្គត់ផ្គង់ឪពុកម្តាយ និងប្អូនស្រីដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញក្នុងពេលបច្ចុប្បន្ន។ ដោយសារតែចង់ឃើញប្អូនរៀនបានខ្ពង់ខ្ពស់ លោកបានបន្តតស៊ូពុះពារគ្រប់ឧបសគ្គចាប់អាជីពជាចុងភៅនៅភោជនីយដ្ឋានជប៉ុនមួយនៅភ្នំពេញ តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន ព្រមទាំងឆ្លៀតពេលទំនេរពីការបំពេញការងារជាចុងភៅពេញម៉ោង ចូលថតក្នុងការសម្តែងនានាដែលផ្តល់ឱកាសសម្រាប់លោកក្នុងការបញ្ចេញសមត្ថភាព។
លោក ពិន សុខនាម បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងចំណោមឱកាសក្នុងការសម្តែងទាំងអស់ មានការសម្តែងពីរ ដែលធ្វើឱ្យលោកមានមោទកភាព ដែលបានចូលរួមសម្តែង ថ្វីត្បិតឱកាសមានតិចក៏ដោយ ដែលក្នុងនោះរួមមានការសម្តែងជាតួអង្គមួយក្នុងបទចម្រៀងរបស់ សុគន្ធ នីសា ដែលមានចំណងជើងថា«ឍាមរាអើយ» និងថតក្នុងរឿងភាគមួយដែលមានចំណងជើងថា«អង្គរក្សការពារអូន»ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ បាយ័ន។
លោកបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលលោកនៅតែបន្តចង់សម្រេចក្តីស្រមៃចូលសម្តែង គឺដោយសារតែលោកជឿជាក់ និងចង់ជម្នះថា សម្រស់មិនមែនជាកត្តាតែមួយមុខ ដែលអាចធ្វើឱ្យប្រឡូកក្នុងវិស័យសិល្បៈនោះទេ។ តួយ៉ាងថ្មីៗនេះ លោកបានទទួលបានជ័យលាភីរង ក្នុងការប្រកួតមួយដែលមានឈ្មោះថា Mister Impulse Phnom Penh 2026។
កើតចេញពីគ្រួសារកសិករ លោកមិនដែលរារែកក្នុងការមានក្តីស្រមៃធំនោះឡើយ រហូតមកដល់ពេលនេះ មានវ័យ ៣៥ឆ្នាំ លោកបានចាត់ទុកថា ការបន្តរត់ចាប់ក្តីស្រមៃចូលសម្តែងក្នុងវិស័យសិល្បៈ មិនមែនជាឧបសគ្គនោះឡើយ ទោះបីជាធ្លាប់បានទទួលពាក្យបង្អាប់ពីអ្នកជុំវិញខ្លួនក៏ដោយ លោកតែងតែបន្តតស៊ូស្វែងរកឱកាសសម្តែង និងសង្ឃឹមថាថ្ងៃអនាគត អាចសម្តែងបានច្រើនជាងពេលបច្ចុប្បន្ន៕