មុកដាហាន៖ ព្រះសង្ឃថៃចំនួន ៨ អង្គបានសុគត និង ១៣ អង្គទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីវេលាម៉ោងប្រមាណ ១២:០០ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿង ដែលបើកបរដោយកុមារអាយុទើបតែ ១១ឆ្នាំ បានជ្រុលទៅបុករះចូលក្រុមព្រះសង្ឃដែលកំពុងធ្វើធុដង្ឃ (ដើរធម្មយាត្រា) នៅតាមចិញ្ចើមផ្លូវក្នុងភូមិបានណាស៊ីនួន (Ban Na Si Nuan) ស្រុកមឿង ខេត្តមុកដាហាន ភាគឥសាន្តប្រទេសថៃ។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
យោងតាមការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចបានរកឃើញថា រថយន្តភីកអាប់បង្កហេតុខាងលើ ត្រូវបានបើកបរដោយអនីតិជនអាយុ ១១ឆ្នាំម្នាក់ ដែលបានលួចយករថយន្តរបស់ក្រុមគ្រួសារមកបើកបរនៅលើដងផ្លូវ ដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលឡើយ មុនពេលបាត់បង់ការគ្រប់គ្រង រួចជ្រុលទៅបុកក្បួនធម្មយាត្រារបស់ព្រះសង្ឃពេញទំហឹងតែម្តង។
ភ្លាមៗក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ និងកម្លាំងនគរបាលថៃ បានប្រញាប់ប្រញាល់ចុះទៅអន្តរាគមន៍ ដោយបានប្រទះឃើញព្រះសង្ឃជាច្រើនអង្គដួលរាយប៉ាយនៅលើដងផ្លូវ និងចិញ្ចើមផ្លូវ។ ក្នុងនោះ ព្រះសង្ឃចំនួន ៥ អង្គបានសុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈ ៣ អង្គទៀតបានសុគតជាបន្តបន្ទាប់នៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក។ ដោយឡែក ព្រះសង្ឃ ១៣ អង្គផ្សេងទៀតដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរៗនោះភ្លាមៗ។
បច្ចុប្បន្ន អាជ្ញាធរថៃបានបិទខ្ទប់និងគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាង និងសាកសួរស្រាវជ្រាវសាក្សីដែលបានឃើញហេតុការណ៍ ក្នុងគោលបំណងចាត់វិធានការតាមនីតិវិធីច្បាប់បន្តទៀត៕