ភ្នំពេញ៖ និស្សិតឆ្នើមចំនួន ៣ រូប មកពីសាកលវិទ្យាល័យខេមតិច (CamTech University) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា (Student Exchange Program) នៅអាម៉េរិក សម្រាប់ឆ្នាំសិក្សា ២០២៦ ជាមួយសាកលវិទ្យាល័យ Ohio។
កម្មវិធីផ្លាស់ប្តូរការសិក្សា (Student Exchange Program) នេះ ជាកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យ Ohio (Ohio University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅ អាម៉េរិក ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ភូមិភាគអាស៊ី និងអាមេរិក។
យោងតាមប្រភពពីសាកលវិទ្យាល័យ និស្សិតជើងខ្លាំងទាំង ៣ រូប ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង រួមមាន និស្សិត រិទ្ធ យសធនិនស័ក្តិ៖ ជានិស្សិតឆ្នាំទី ១ ជំនាញរ៉ូបូតិក និងស្វ័យប្រវត្តិកម្ម, និស្សិត ឆាយ វណ្ណឡាលីន ជានិស្សិតឆ្នាំទី ៣ ជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត និង និស្សិត សេក គីមហៃ ជានិស្សិតឆ្នាំទី ៣ ជំនាញបញ្ញាធុរកិច្ច និងគ្រប់គ្រងហានិភ័យ ។
តាមរយៈការធ្វើដំណើរទៅសិក្សានៅទឹកដីអាម៉េរិកនាពេលនេះ និស្សិតទាំងបីរូបនឹងទទួលបាននូវបទពិសោធន៍សិក្សាដ៏សម្បូរបែបក្នុងបរិយាកាសអន្តរជាតិ ស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយអន្តរជាតិ។ ក្រោយបញ្ចប់កម្មវិធីនេះ យុវជនទាំង ៣ រូប នឹងនាំយកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗដ៏មានតម្លៃត្រឡប់មកវិញ ដើម្បីចែករំលែកដល់សហគមន៍ខេមតិច ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត៕