គៀវ៖ រុស្ស៊ីបានបើកការវាយប្រហារជាថ្មីលើអ៊ុយក្រែនដោយប្រើប្រាស់ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងវាយសន្ធឹកពេញមួយយប់កាលពីថ្ងៃទី ១ ខែ កក្កដា ដែលបានបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងខ្លាំងក្លា។ ការវាយប្រហាររបស់រុស្ស៊ីនេះជាការសងសឹកទៅអ៊ុយក្រែនដែលបានបើកការវាយប្រហារលើរុស្ស៊ីក្នុងកំឡុងពេលដែលលោកប្រធានាធិបតីរុស្ស៊ី ពូទីន ទទួលស្វាគមន៍មេដឹកនាំអាស៊ានក្នុងខួប ៣៥ឆ្នាំនៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។
បើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្វើឱ្យទីក្រុងគៀវរង្គោះរង្គើចាប់ពីយប់ថ្ងៃពុធរហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះដោយបង្កឱ្យមានអគ្គីភ័យ និងរបួសមនុស្សយ៉ាងហោចណាស់ប្រាំនាក់។ លោកថារុស្ស៊ីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់ទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុងគៀវ។
អ្នកកាសែត AFP បានរាយការណ៍ថាបានឮសំឡេងផ្ទុះជាងដប់ដង និងបានឃើញអ្នកស្រុក ខ្លះមានកុមារ និងសត្វចិញ្ចឹម ប្រញាប់ប្រញាល់ចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីដែលត្រូវបានប្រើជាជម្រក៕