រ៉ាយ៉ង៖ រថយន្តយោធាដឹកកងពលតូចជើងទឹកថៃ (Marines) កាលពីរសៀលថ្ងៃពុធ បានជួបគ្រោះថ្នាក់ក្រឡាប់ និងបុកបន្តគ្នាយ៉ាងរន្ធត់ក្នុងស្ថានភាពមេឃភ្លៀងធ្លាក់ខ្លាំង នៅខេត្តរ៉ាយ៉ង បណ្តាលឱ្យកងទ័ពជើងទឹកថៃចំនួន ២០នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២:០០ រសៀល លើដងផ្លូវ ស៊ុខុមវីត (Sukhumvit Road) ក្បែរផ្សារខៅឌីន ក្នុងស្រុកក្លែង (Klaeng) ប្រទេសថៃ។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្បួនរថយន្តរបស់កងវរសេនាធំកាំភ្លើងធំថ្មើរជើងទឹក ដែលមានរថយន្តយោធាធុនធំដប់កង់ចំនួន ២គ្រឿង និងរថយន្តក្រុង ១គ្រឿង បានធ្វើដំណើរត្រឡប់មកពីបំពេញភារកិច្ចនៅបញ្ជាការដ្ឋានការពារព្រំដែន ចន្ទបុរី-ត្រាត ដើម្បីឆ្ពោះទៅកាន់មូលដ្ឋានទ័ពរបស់ពួកគេនៅសត្តហ៊ីប (Sattahip) ខេត្តឈុនបុរី។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ចំពេលមានភ្លៀងធ្លាក់ខ្លាំង រថយន្តយោធាកង់ដប់ដែលបើកនៅមុខគេ បានរអិលផ្លូវទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវនៅចិញ្ចើមផ្លូវកណ្តាល រួចក៏ក្រឡាប់ផ្ងារជើង ដែលបណ្តាលឱ្យទាហាន ៣នាក់រងរបួសភ្លាមៗ។
ភ្លាមៗនោះ រថយន្តដឹកទំនិញប្រាំមួយកង់ស៊ីវិលមួយគ្រឿង បានឈប់ដើម្បីចុះជួយសង្គ្រោះទាហានដែលរងរបួស ប៉ុន្តែមួយសន្ទុះក្រោយមក រថយន្តយោធាដប់កង់ទីពីរដែលបើកមកពីក្រោយ ក៏បានបាត់បង់ការគ្រប់គ្រង និងជាន់ហ្វ្រាំងមិនទាន់ក្នុងស្ថានភាពផ្លូវរអិល ក៏ជ្រុលទៅបុកពីក្រោយរថយន្តប្រាំមួយកង់ដែលឈប់ជួយនោះពេញទំហឹង ព្រមទាំងបានកៀររថយន្តភីកអាប់ស៊ីវិលមួយគ្រឿងទៀត បណ្តាលឱ្យទាហាន ១៧នាក់បន្ថែមទៀតរងរបួសនៅក្នុងការបុកទង្គិចលើកទីពីរនេះ។
ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានបញ្ជូនទាហានរងរបួសទាំង ២០នាក់ ទៅកាន់មន្ទីរពេទ្យ Klaeng Hospital ភ្លាមៗ។ គ្រូពេទ្យបានបញ្ជាក់ថា ពួកគេទាំងអស់រងរបួសស្រាល និងមានស្ថានភាពថេរ មិនគ្រោះថ្នាក់ដល់ជីវិតឡើយ ចំណែកឯអ្នកបើកបររថយន្តភីកអាប់ស៊ីវិលដែលរងការខូចខាតបន្តិចបន្តួច បានចាកចេញពីកន្លែងកើតហេតុមុន។ នាពេលនេះ ប៉ូលិសថៃ កំពុងបន្តស៊ើបអង្កេតលម្អិតជុំវិញមូលហេតុនៃគ្រោះថ្នាក់នេះ៕