ម៉ាឌ្រីដ៖ អាជ្ញាធរអេស្ប៉ាញបានប្រកាសកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស ១,០២៨ នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាសុខភាពបង្កឡើងដោយកម្ដៅថ្ងៃ។ ចំនួនអ្នកស្លាប់នេះ គឺកើនឡើងជាងទ្វេដង បើធៀបនឹងតួលេខអ្នកស្លាប់ចំនួន ៤០៧ នាក់ កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានសុខាភិបាលសាធារណៈ Carlos III។
ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ Aemet បានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធថា ប្រទេសអេស្ប៉ាញទើបតែបានកត់ត្រានូវសីតុណ្ហភាពប្រចាំរយៈពេល ៦ខែដំបូងនៃឆ្នាំ ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសីតុណ្ហភាពជាមធ្យមបានហក់ឡើងខ្ពស់ជាងកម្រិតធម្មតាដល់ទៅ ១,៦ អង្សាសេ។
ទីភ្នាក់ងារដដែលបានគូសបញ្ជាក់ថា៖ «ក្នុងចំណោមឆមាសទី១ ដែលក្តៅបំផុតទាំង ៧ លើក គឺសុទ្ធសឹងតែបានកើតឡើងនៅក្នុងអំឡុងពេល ១០ឆ្នាំចុងក្រោយនេះទាំងអស់» ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នេះ គឺបានក្លាយជាខែមិថុនាដែលក្តៅបំផុតលំដាប់ទី២ ដោយមានសីតុណ្ហភាពមធ្យមខ្ពស់ជាងកម្រិតស្តង់ដារដល់ទៅ ៣,២ អង្សាសេ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីស្ថាប័ន World Weather Attribution បានចាត់ទុក វិបត្តិរលកកម្ដៅដែលបានដុតកំដៅទ្វីបអឺរ៉ុបតាំងពីចុងខែមិថុនាមកនេះ គឺជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ហើយវានឹង «មិនអាចកើតឡើងរួចឡើយ» ប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ក្រៅពីអេស្ប៉ាញ ក៏មានប្រទេសផ្សេងៗទៀតរួមមាន អាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ស្លូវ៉ាកី និងហុងគ្រី ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈចក្រភពអង់គ្លេស និងស្វីស ក៏បានជាប់កំណត់ត្រាក្តៅបំផុតប្រចាំខែមិថុនា។ ដោយឡែក ប្រទេសបារាំងក៏បានប្រឈមមុខនឹងសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតមិនធ្លាប់មាន និងធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងវិបត្តិរលកកម្ដៅនេះកើនឡើងដល់ជាង ១,០០០នាក់ ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕