Img 1426
Swift cc time

ម៉ាឡេស៊ីចាប់ខ្លួន «អ្នកភ្នាល់បាល់»ក្នុងរដូវកាល FIFA World Cup ៣៣១ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

គូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទ្រង់ទ្រាយធំចំនួន ២៩៣លើកនៅទូទាំងប្រទេសដោយបានចាប់ខ្លួនជនសង្ស័យសរុប ៣៣១នាក់ ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់កីឡា និងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលភ្ជាប់ទៅនឹងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026។ ប្រតិបត្តិការបោសសម្អាតនេះត្រូវបានធ្វើឡើងបន្ទាប់ពីសកម្មភាពចាក់ភ្នាល់បាល់បានហក់ឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vietnam Plus នាយកនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លោក Datuk M. Kumar បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំងនោះ រួមមានបុរស ៣១២នាក់ និងស្ត្រី ១៩នាក់ ដោយក្នុងនោះមានជនជាតិម៉ាឡេស៊ី ២៣៤នាក់ និងជនបរទេសចំនួន ៩៧នាក់។

នៅក្នុងការបង្ក្រាបនេះ អាជ្ញាធរម៉ាឡេស៊ីដកហូតបានសាច់ប្រាក់សុទ្ធជាង ១៤៥,០០០ រីងហ្គីត (ប្រមាណ ៣៥,០០០ ដុល្លារអាម៉េរិក) និងបានរកឃើញទឹកប្រាក់ចរាចរណ៍ភ្នាល់នៅក្នុងប្រព័ន្ធសរុបប្រមាណ ២,៦៣ លានរីងហ្គីត(ជាង៦៤,០០០០ដុល្លារអាម៉េរិក)។ ប៉ូលិសម៉ាឡេស៊ីក៏បានសហការជាមួយគណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) ដើម្បីបិទខ្ទប់គេហទំព័រ កម្មវិធីទូរស័ព្ទ និងគណនីបណ្តាញសង្គមចំនួន ១៨៥ ដែលត្រូវបានប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងទាំងនោះ។

បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងពីបទល្មើសភ្នាល់ខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ ព្រមទាំងច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម ខណៈសមត្ថកិច្ចម៉ាឡេស៊ីបានអំពាវនាវដល់សាធារណជន ឱ្យចូលរួមផ្តល់ព័ត៌មានបន្ថែមដើម្បីរួមគ្នាលុបបំបាត់បទល្មើសនេះឱ្យកាន់តែមានប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង