Img 1426
Swift cc time

សមាជិកបក្សកម្មុយនីស្តចិនចំនួន ៨នាក់ ត្រូវបានបំពាក់«គ្រឿងឥស្សរិយយស»ខ្ពស់បំផុតពីលោកស៊ី ជិនពីង

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ «មេដាយ ១កក្កដា» (July 1 Medal) ដែលជាគ្រឿងឥស្សរិយយស និងជាកិត្តិយសដ៏ខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធរបស់បក្សកុម្មុយនីស្តចិន (CPC) ជូនដល់សមាជិកបក្សគំរូ។ ពិធីដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងនៅវិមានប្រជាជន ក្នុងទីក្រុងប៉េកាំង ចំពេលដែលបក្សកំពុងរៀបចំកម្មវិធីអបអរសាទរយ៉ាងអធិកអធម ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតបក្ស។ មេដាយនេះនឹងត្រូវប្រគល់ជូនរៀងរាល់ ៥ឆ្នាំម្តង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍សំខាន់ៗរបស់បក្ស ហើយវាគឺជាមេដាយលំដាប់ទី៥ នៅក្នុងប្រព័ន្ធគ្រឿងឥស្សរិយយសជាន់ខ្ពស់បំផុតរបស់ជាតិ បន្ទាប់ពី «មេដាយនៃសាធារណរដ្ឋ», «មេដាយ ១សីហា», «មេដាយមិត្តភាព» និងគោរមងារកិត្តិយសថ្នាក់ជាតិផ្សេងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ លក្ខណៈពិសេសមួយដែលឆ្លុះបញ្ចាំងពីតម្លៃស្នូលនៃមេដាយនេះគឺ ខុសប្លែកពីមេដាយថ្នាក់ជាតិដទៃទៀតដែលពាក់ភ្ជាប់នឹងខ្សែច្រវាក់លោហៈ មេដាយ ១កក្កដា ប្រើប្រាស់ខ្សែបូធ្វើពីក្រណាត់ត្បាញវិញ ដែលជាការរចនាស្នើឡើងដោយផ្ទាល់ដោយលោក ស៊ី ជិនពីង ដើម្បីជាការរំលឹកដល់សមាជិកបក្សគ្រប់រូបមិនឱ្យភ្លេចពី «បំណងប្រាថ្នាដើម» និងដើម្បីបន្តថែរក្សាស្មារតីស្នូលរបស់បក្ស។

រូបរាងមេដាយទាំងមូលត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ប៉ុន្តែមានភាពហ្មត់ចត់ និងស្កឹមស្កៃ ដោយប្រើពណ៌ក្រហម មាស និងស ជាពណ៌ចម្បង ព្រមទាំងបង្កប់នូវនិមិត្តសញ្ញាសំខាន់ៗជាច្រើនដែលមានអត្ថន័យជ្រាលជ្រៅ ដូចជា សញ្ញាតំណាងបក្ស (Party emblem) ស្ថិតនៅចំកណ្តាលបង្ហាញពីការដឹកនាំ និងតួនាទីស្នូលរបស់បក្ស, ផ្កាឈូករ័ត្នតំណាងឱ្យបក្ស និងប្រជាជាតិទាំងមូលសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ, តារាប្រាំជ្រុងតំណាងឱ្យឧត្តមគតិនៃលទ្ធិកុម្មុយនីស្តដែលបន្តវេនពីជំនាន់មួយទៅជំនាន់មួយ, ព្រមទាំងរូបភាពវិមានអនុស្សាវរីយ៍ ជួរភ្នំ ទន្លេ ទង់ជាតិ និងពពកមង្គល ដែលបង្ហាញពីសមិទ្ធផល ការតស៊ូ និងវិបុលភាពរបស់ជាតិ។

គួរបញ្ជាក់ថា មេដាយនេះត្រូវបានប្រគល់ជូនជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ២០២១ ចំពេលខួប ១០០ឆ្នាំនៃការបង្កើតបក្ស កាលនោះជ័យលាភីដំបូងៗរួមមានកម្មាភិបាលជួយកាត់បន្ថយភាពក្រីក្រ, លេខាបក្សភូមិ, បុគ្គលិកសុខាភិបាល, គ្រូបង្រៀនវិទ្យាល័យ និងយុទ្ធជនបដិវត្តន៍ជើងចាស់ ដែលសុទ្ធសឹងតែជាអ្នកលះបង់កម្លាំងកាយចិត្តដើម្បីប្រជាជន។ 

តាមរយៈការលើកតម្កើងបុគ្គលគំរូទាំងនេះ ថ្នាក់ដឹកនាំចិនមានបំណងជម្រុញ និងបង្កើតបរិយាកាសសង្គមមួយ ដែលប្រជាពលរដ្ឋគ្រប់រូបរួមគ្នាគោរពវីរជន ស្វែងយល់ពីបុគ្គលគំរូ និងខិតខំក្លាយជាអ្នកឈានមុខគេក្នុងសង្គម៕


Khcct banner

អត្ថបទទាក់ទង