ហ្សាកាតា៖ តុលាការប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ បានសម្រេចកាត់ទោសលោក ណាឌីម អាន់វ៉ា ម៉ាកការីម (Nadiem Anwar Makarim) សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Gojek និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ។ តុលាការបានបង្គាប់ឱ្យលោកសងប្រាក់ត្រឡប់មកវិញចំនួន ៨០៩ ពាន់លានរូព្យ៉ា (ប្រមាណ ៤៥,២ លានដុល្លារអាម៉េរិក) និងពិន័យជាប្រាក់ ១ ពាន់លានរូព្យ៉ា(ប្រមាណ៥៥០០០ដុល្លារអាម៉េរិក) ក្នុងរឿងអាស្រូវពុករលួយដ៏កក្រើកមួយ ជុំវិញការទិញកុំព្យូទ័រសម្រាប់សាលារៀន។
យោងតាមការចុះផ្សាយរបស់កាសែត AP News តុលាការឥណ្ឌូនេស៊ីបានរកឃើញថា ការសម្រេចចិត្តរបស់លោក Makarim ក្នុងការបង្ខំឱ្យក្រសួងទិញកុំព្យូទ័រ Google Chromebook ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ គឺជា «ជម្លោះផលប្រយោជន៍» ព្រោះលោកបានប្រើតួនាទីជារដ្ឋមន្ត្រី ទៅជួយរកម៉ូយឱ្យក្រុមហ៊ុន Google ស្របពេលដែល Google កំពុងចរចាត្រៀមបោះទុនវិនិយោគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ចូលទៅក្នុងក្រុមហ៊ុន Gojek ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក។
រដ្ឋអាជ្ញាឥណ្ឌូនេស៊ីបានអះអាងថា សកម្មភាពរំលោភអំណាចជាប្រព័ន្ធនេះ បានបង្កឱ្យរដ្ឋខាតបង់ថវិកាអស់ប្រមាណ ១២៥ លានដុល្លារអាម៉េរិក ទោះបីជាអតីតនាយកប្រតិបត្តិរបស់ Google បានធ្វើជាសាក្សីថា ការវិនិយោគនោះមិនពាក់ព័ន្ធគ្នាក៏ដោយ។
ក្រោយការប្រកាសសាលក្រម លោក Makarim បានបដិសេធរាល់ការចោទប្រកាន់ ដោយរិះគន់ថាជាការសម្រេចចិត្តដ៏គួរឱ្យខកចិត្ត និងបានប្រកាសប្តឹងឧទ្ធរណ៍តវ៉ាជាបន្តទៀត។ លោកបានអះអាងថា គោលនយោបាយជ្រើសរើសកុំព្យូទ័រតម្លៃថោក និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឥតគិតថ្លៃនេះ បានជួយសន្សំសំចៃថវិការដ្ឋរហូតដល់ ៣,៦ ទ្រីលានរូព្យ៉ា (ប្រមាណ ២០១ លានដុល្លារ) និងមិនមានការកេងប្រវ័ញ្ចយកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
គួរបញ្ជាក់ថា សវនាការដ៏ក្តៅគគុកដែលបានចាប់ផ្តើមតាំងពីខែមករាមកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយតែងតែមានក្រុមអ្នកបើកបរម៉ូតូឌុប Gojek រាប់រយនាក់ មកចូលរួមជួបជុំគ្នាបង្ហាញការគាំទ្រដល់រូបលោកជារឿយៗនៅខាងក្រៅតុលាការ៕