កូរ៉េ៖ កូរ៉េខាងត្បូងបានប្រកាសពីគម្រោងវិនិយោគដ៏ធំសម្បើមមួយ ដែលមានតម្លៃរហូតដល់ទៅយ៉ាងហោចណាស់ ៨៨០ ពាន់លានដុល្លារអាម៉េរិក ដើម្បីពង្រីកការផលិតបន្ទះឈីប (Semiconductors) និងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រទេស សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ គម្រោងនេះស្ថិតនៅក្រោមយុទ្ធសាស្ត្រដែលគេហៅថា «មហាកំពូលគម្រោងទាំងបី» (Three Mega Projects) ដែលផ្តោតលើការបង្កើតមជ្ឈមណ្ឌលផលិតឈីបជំនាន់ថ្មី មជ្ឈមណ្ឌលទិន្នន័យ (Data Centres) និងបច្ចេកវិទ្យារ៉ូបូត (Robotics)។ លោកលី ជេម្យុង បានប្រកាសផែនការទាំងនេះនៅក្នុងព្រឹត្តិការណ៍ផ្សាយតាមទូរទស្សន៍មួយ រួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Samsung និង SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេពីររបស់ប្រទេសកូរ៉េ។
បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង (Lee Jae Myung) បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ផែនការដៅនេះធ្វើឡើងក្នុងគោលបំណងស្រោចស្រង់ និងជំរុញសេដ្ឋកិច្ចនៅតាមតំបន់នានាដែលនៅក្រៅទីក្រុងសេអ៊ូល លោកថាកូរ៉េត្រូវតែដណ្តើមយកចំណែកទីផ្សារ និងគ្របដណ្តប់លើធាតុស្នូលរបស់ AI ឱ្យបានលឿនជាងប្រទេសដទៃ។
សម្រាប់លោក លី គម្រោងនេះគឺជាបញ្ហានៃ "ការរស់រានមានជីវិត" សម្រាប់ប្រទេសកូរ៉េខាងត្បូង ដើម្បីដោះស្រាយការធ្លាក់ចុះនៅតំបន់ជនបទ ដោយសារតែការប្រមូលផ្តុំឧស្សាហកម្មនៅក្នុងទីក្រុងសេអ៊ូល។ លោកបញ្ជាក់ទៀតថាឥឡូវនេះ យើងត្រូវតែបំបែកវដ្តនៃការរើសអើង និងការរើសអើងដ៏យូរអង្វែងនេះ មិនត្រឹមតែសម្រាប់ជាប្រយោជន៍នៃយុត្តិធម៌ និងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព និងរួមបញ្ចូលផងដែរ។
ជាមួយគ្នានេះដែរក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក រួមមាន Google, Amazon និង Meta បានប្រកាសថា ពួកគេនឹងចំណាយប្រាក់រហូតដល់ ៦៥០ ពាន់លានដុល្លារ លើបច្ចេកវិទ្យានេះក្នុងឆ្នាំនេះតែម្តង។ កត្តានេះហើយបានធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix បានហក់ឡើងរហូតដល់ជាង ១ ទ្រីលីន (១ លានលាន) ដុល្លារ កាលពីខែឧសភាកន្លងទៅ ដោយសារតែការកើនឡើងនៃតម្រូវការមជ្ឈមណ្ឌលទិន្នន័យ AI៕