Img 1426
Swift cc time

ខេត្តចំនួន ១៣ របស់ថៃ អាចនឹងកើតមានគ្រោះបាក់ដី និងទឹកជំនន់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ បានចេញសេចក្តីព្រមានអំពីលទ្ធភាពដែលអាចកើតមានគ្រោះបាក់ដី និងទឹកជំនន់ឆាប់រហ័ស (Flash floods) នៅក្នុងខេត្តចំនួន ១៣ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលទឹកភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់កាសែតខាវស៊ត មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូគព្ភសាស្ត្រនៃនាយកដ្ឋានខាងលើ បានចេញសេចក្តីជូនដំណឹង និងអំពាវនាវដល់បណ្តាញអ្នកស្ម័គ្រចិត្តតាមដាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ខេត្តទាំង ១៣ ដែលស្ថិតនៅក្រោមការព្រមានរួមមាន៖ ខេត្តម៉ែហុងសន, ឈៀងម៉ៃ, ឈៀងរ៉ាយ, តាក, ណាន , ភីតសាណូឡុក, ចន្ទបុរី, ត្រាត, រ៉ាក់ណង, ផាំងង៉ា, ភូកេត, ក្រាប៊ី និងខេត្តត្រាំង។

អាជ្ញាធរថៃបានពន្យល់ថា សម្ពាធទាបនៃខ្យល់មូសុង (Monsoon trough) ដែលអូសបន្លាយកាត់ភាគខាងជើង និងភាគជម្រាលខាងជើងឆៀងខាងកើត បូករួមនឹងខ្យល់មូសុងនិរតីដែលកំពុងបង្កើនកម្លាំងលើសមុទ្រអង់ដាម៉ង់ និងឈូងសមុទ្រថៃ នឹងនាំមកនូវរបបទឹកភ្លៀងធ្លាក់កាន់តែខ្លាំង ដោយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បរិមាណទឹកភ្លៀងបានធ្លាក់ហួស ១០០ មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន រហូតបង្កឱ្យមានទឹកជំនន់ឆាប់រហ័សនៅតាមទីតាំងខ្លះៗរួចទៅហើយ ដែលជាសញ្ញាបង្កើនហានិភ័យខ្ពស់នៃគ្រោះបាក់ដី។

ជាការឆ្លើយតប អាជ្ញាធរថៃបានណែនាំឱ្យក្រុមការងារស្ម័គ្រចិត្តតាមដានស្ថានភាពអាកាសធាតុ ធ្វើការពិនិត្យកម្រិតទឹកភ្លៀងយ៉ាងដិតដល់ និងត្រៀមលក្ខណៈជានិច្ចក្នុងការជូនដំណឹងដល់សហគមន៍មូលដ្ឋាន ក៏ដូចជាសហការជាមួយស្ថាប័នពាក់ព័ន្ធស្របតាមផែនការសង្គ្រោះបន្ទាន់ដែលបានកំណត់ទុក៕

Khcct banner

អត្ថបទទាក់ទង