Img 1426
Swift cc time

វេទិកាយុវជនថាមពលស្អាត៖ កិច្ចសហការកាន់តែរឹងមាំ នឹងកសាង «កម្លាំងពលកម្មថាមពលស្អាត» នាពេលអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ខណៈពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនអន្តរកាលថាមពលស្អាតរបស់ខ្លួន អ្នកតំណាងជាង 80 នាក់មកពីក្រុមហ៊ុនឯកជន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមយុវជន កាលពីថ្ងៃទី២៧ មិថុនា ២០២៦ បានចូលរួមក្នុងវេទិកាយុវជនថាមពលស្អាត លើកដំបូង​ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុតមួយរបស់ខ្លួនគឺ៖ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញដែលត្រូវការដើម្បីគាំទ្រដល់អន្តរកាលថាមពល។

 

វេទិកាយុវជនថាមពលស្អាត ត្រូវបានរៀបចំឡើងដោយបណ្តាញយុវជនអន្តរកាលថាមពលកម្ពុជា (CETYN) ដោយមានការគាំទ្រ ពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ អង្គការអុកស្វាមប្រចាំនៅកម្ពុជា​ គឺជាវេទិកាមួយដើម្បីភ្ជាប់ទំនាក់ទំនងភាគីពាក់ព័ន្ធ បង្ហាញពីគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ស្វែងយល់ពីឱកាសការងារ និងកំណត់ដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីពង្រឹងកម្លាំងពលកម្មថាមពលស្អាតរបស់កម្ពុជា។

 

កិច្ចពិភាក្សាបានចាប់ផ្តើមជាមួយនឹងការធ្វើបទបង្ហាញនូវការរកឃើញពីការវាយតម្លៃជំនាញថាមពលស្អាតរបស់ប្រទេសកម្ពុជា ដែលបានបញ្ជាក់ពីទំហំនៃតម្រូវការកម្លាំងពលកម្មនាពេលអនាគត។ ប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងត្រូវការ អ្នកបច្ចេកទេសថាមពលពន្លឺព្រះអាទិត្យថ្មីប្រមាណ ១១.០០០ នាក់ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៤០ អ្នកជំនាញប្រសិទ្ធភាពថាមពលចំនួន ៦.៤៨១-៨.៩២២ នាក់ និងកម្មករជំនាញចំនួន ១៧.០០០-២៩.០០០ នាក់ ទូទាំងខ្សែចង្វាក់តម្លៃយានយន្តអគ្គិសនី ដើម្បីបំពេញតាមគោលដៅថាមពលស្អាតជាតិ។

ក្នុងពេលជាមួយគ្នានេះ ការវាយតម្លៃបានកំណត់បញ្ហាប្រឈមជាបន្តបន្ទាប់ រួមមាន ឱកាសបណ្តុះបណ្តាលជាក់ស្តែងនៅមានកម្រិត កង្វះខាតជំនាញបច្ចេកទេស និងជំនាញទន់ ទំនាក់ទំនងឧស្សាហកម្ម-គ្រឹះស្ថានអប់រំខ្សោយ និងអវត្តមាននៃវិញ្ញាបនបត្រដែលទទួលស្គាល់កម្រិតជាតិ។ ការរកឃើញទាំងនេះបានបង្ហាញសារដល់វេទិកាថា អន្តរកាលថាមពលរបស់កម្ពុជាមិនត្រឹមតែជាបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមផ្នែកកម្លាំងពលកម្មដែលតម្រូវឱ្យមានកិច្ចសហការកាន់តែរឹងមាំនៅទូទាំងវិស័យអប់រំ ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ផងដែរ។

វេទិកានេះក៏ជាសក្ខីកម្មនៃការបញ្ចប់កម្មវិធីយុវទូតថាមពលស្អាតលើកដំបូងរបស់ CETYN ដែល យុវទូតចំនួន ១៦ នាក់បានបញ្ចប់នូវកម្មវិធីបណ្តុះបណ្តាលរយៈពេលបីសប្តាហ៍ដែលរួមបញ្ចូលគ្នានូវការបណ្តុះបណ្តាលបច្ចេកទេស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការណែនាំ និងទស្សនកិច្ចសិក្សា មុនពេលធ្វើបទបង្ហាញលើដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះបញ្ហាប្រឈមថាមពលស្អាតដែលកម្ពុជាកំពុងជួបប្រទះ។

 
លោក សុង វែហ្សឺនីឡងឌី​ ស្ថាបនិកបណ្តាញយុវជនអន្តរកាលថាមពលកម្ពុជា (CETYN)

លោក សុង វែហ្សឺនីឡងឌី​ ស្ថាបនិកបណ្តាញយុវជនអន្តរកាលថាមពលកម្ពុជា (CETYN) បានគូសបញ្ជាក់ថា​«នេះជាឱកាស ដែលយើងពុំទទួលបានក្នុងអំឡុងពេលដែលយើងជានិស្សិត ហើយយើងមិនចង់ឱ្យយុវជនសព្វថ្ងៃនេះឆ្លងកាត់បទពិសោធន៍ដូចគ្នានោះទេ។ នេះហើយជាមូលហេតុដែលយើងកំពុងបង្កើតឱកាសបន្ថែមទៀតសម្រាប់ពួកគេដើម្បីរៀនសូត្រ ភ្ជាប់ទំនាក់ទំនង និងទទួលបានអត្ថប្រយោជន៍ពីចំណេះដឹង បណ្តាញទំនាក់ទំនង និងបទពិសោធន៍ដែលបានចែករំលែក»។

 
លោកស្រី វ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន EGE (Cambodia)

លោកស្រី វ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន EGE (Cambodia) Energy Solutions Co., Ltd បានមានប្រសាសន៍ថា “យើងជឿជាក់ថាការវិនិយោគលើយុវជនគឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបាន។ វេទិកានេះជួយយុវជនភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន ស្វែងយល់ពីអាជីព ចែករំលែកគំនិត និងប្រែក្លាយគោលដៅទៅជាសកម្មភាព”។

 

ចំណុចលេចធ្លោដ៏សំខាន់មួយនៃវេទិកានេះ គឺការពិភាក្សាតុមូល ដែលមានតំណាងមកពីក្រុមហ៊ុនឯកជន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និងតំណាងក្រុមយុវជន។ ខណៈពេលដែលអង្គការស្ថាប័នជាច្រើនកំពុងវិនិយោគលើការអភិវឌ្ឍកម្លាំងពលកម្មរួចហើយ វាគ្មិនទាំងអស់ក៏បានយល់ស្របថាកិច្ចខិតខំប្រឹងប្រែងនៅតែមិនទាន់រួមគ្នានៅឡើយ។ ពួកគេបានអំពាវនាវឱ្យមានការសម្របសម្រួលឱ្យកាន់តែរឹងមាំដើម្បីតម្រង់ការអប់រំឱ្យកាន់តែប្រសើរឡើងជាមួយនឹងតម្រូវការឧស្សាហកម្ម ពង្រីកឱកាសកម្មសិក្សា និងឱកាសសិក្សាផ្អែកលើការងារ និងបង្កើតវេទិកាជាទៀងទាត់មួយដែលរដ្ឋាភិបាល ក្រុមហ៊ុនឯកជន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និងយុវជនអាចរៀបចំផែនការកម្លាំងពលកម្មថាមពលស្អាតនាពេលអនាគតរបស់ប្រទេសកម្ពុជារួមគ្នា។

 
លោក រ៉ា រដ្ឋា អ្នកសម្របសម្រួលកម្មវិធីនៅ អង្គការអុកស្វាមប្រចាំនៅកម្ពុជា 

លោក រ៉ា រដ្ឋា អ្នកសម្របសម្រួលកម្មវិធីនៅ អង្គការអុកស្វាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា "ការធ្វើអន្តរកាលទៅរកថាមពលស្អាតកំពុងកើតឡើងហើយនៅពេលនេះ ហើយកំពុងតែក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់យើង។ នៅពេលដែលយើងនិយាយអំពីអន្តរកាលនេះ យើងត្រូវតែសួរថាអ្នកណានឹងដឹកនាំ និងបន្តវា - ចម្លើយគឺច្បាស់ណាស់គឺ យុវជន"។

 

អ្នកចូលរួមបានយល់ឃើញថា កិច្ចសហការប្រកបដោយចីរភាព ភាពជាដៃគូកាន់តែរឹងមាំ និងឱកាសសិក្សាជាក់ស្តែងបន្ថែមទៀត នឹងមានសារៈសំខាន់ណាស់ ដើម្បីធានាថាកម្លាំងពលកម្មរបស់ប្រទេសត្រូវបានបំពាក់ដោយជំនាញចាំបាច់ ដើម្បីជំរុញអន្តរកាលថាមពលប្រកបដោយចីរភាព និងបរិយាបន្ន៕

Khcct banner

អត្ថបទទាក់ទង