Img 1426
Swift cc time

គ្រោះបាក់គំនរសំណល់រ៉ែត្បូងនៅមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្ស៥នាក់ និង១៥នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រោះមហន្តរាយបាក់គំនរកាកសំណល់ដីរ៉ែ (Slag heap) នៅតំបន់អណ្តូងរ៉ែត្បូងចចក (Jade) ចាស់មួយកន្លែង ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់បាត់បង់ជីវិត និងប្រមាណ ១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមិថុនា នៅក្នុងទីក្រុង Hpakant ខណៈក្រុមអ្នករាវរកត្បូងអាណាធិបតេយ្យប្រមាណ ២០នាក់ កំពុងបំភ្លឺភ្លើងស្វែងរកកម្ទេចត្បូងសេសសល់ ស្រាប់តែគំនរកាកសំណល់រ៉ែដ៏ធំបានបាក់ធ្លាក់សង្កត់ពួកគេតែម្តង។

កាសែត «The Global New Light of Myanmar» បានគូសបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីឥទ្ធិពលទឹកភ្លៀងមូសុងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ធ្វើឱ្យគំនរកាកសំណល់រ៉ែចាស់ៗទាំងនោះលែងមានលំនឹង។

ជាទូទៅ វិស័យរ៉ែត្បូង Jade ដ៏ធំសម្បើមរបស់មីយ៉ាន់ម៉ា ភាគច្រើនមិនស្ថិតក្រោមការគ្រប់គ្រងស្របច្បាប់ឡើយ ហើយរដ្ឋកាឈីន គឺជាប្រភពផ្គត់ផ្គង់ត្បូងប្រភេទនេះធំជាងគេបំផុតនៅលើពិភពលោក ដែលជាទំនិញរកចំណូលបានយ៉ាងក្រាស់ក្រែលពីទីផ្សារប្រទេសចិន។

បច្ចុប្បន្ន ក្រុមប្រដាប់អាវុធនានានៅក្នុងសង្រ្គាមស៊ីវិលមីយ៉ាន់ម៉ា កំពុងប្រជែងគ្នាក្តោបក្តាប់អណ្តូងរ៉ែទាំងនេះ ដើម្បីយកថវិកាមកទ្រទ្រង់កងទ័ព ខណៈប្រជាជនក្រីក្រគ្មានជម្រើស ត្រូវបង្ខំចិត្តធ្វើការប្រថុយប្រថានក្នុងរណ្តៅដី ឬដើររាវរកកម្ទេចត្បូងសំណល់ដែលគេបោះចោល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង