Img 1426
Swift cc time

មនុស្សយន្តប្រើប្រាស់ក្នុងផ្ទះម៉ូដែល «U1» របស់ចិន ទទួលការបញ្ជាទិញជាង ១៣,០០០គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស UBTech របស់ចិន បានប្រកាសដាក់ឱ្យអតិថិជនអាចបញ្ជាទិញជាមុននូវរ៉ូបូតមនុស្សជំនាន់ថ្មីម៉ូដែល «U1» សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានការកុម្ម៉ង់ទិញហក់ឡើងហួស ១៣,០០០គ្រឿង គិតត្រឹមថ្ងៃបើកសម្ពោធ។ រ៉ូបូតមនុស្សឆ្លាតវៃនេះ មាន ៣ជម្រើសគឺ ម៉ូដែលធម្មតា (Standard), Pro និង Ultra ជាមួយតម្លៃចាប់ពី ១១៩,៨០០ យ័ន (ប្រមាណ ១៦,៥០០ ដុល្លារអាម៉េរិក) រហូតដល់ ៩៩០,០០០ យ័ន (ប្រមាណ ១៣៦,៥០០ ដុល្លារអាម៉េរិក)។ រ៉ូបូតនេះដំណើរការដោយប្រព័ន្ធ AI ឆ្លាតវៃផ្នែកអារម្មណ៍ (Emotional AI model) រត់ផ្ទាល់នៅលើបន្ទះឈីប Rockchip RK3588 នៅក្នុងម៉ាស៊ីន ដោយរាល់ទិន្នន័យទាំងអស់នឹងត្រូវរក្សាទុកនៅក្នុងឧបករណ៍ផ្ទាល់ មិនមានការបង្ហោះឡើងទៅកាន់ប្រព័ន្ធ Cloud ឡើយ ដើម្បីធានាសុវត្ថិភាពឯកជនភាពកម្រិតខ្ពស់។

យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post លក្ខណៈពិសេសរបស់ U1 គឺត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់សម្រាប់ប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងបរិបទគ្រួសារ ដោយវាមានសន្លាក់ស៊ីឡាំងកម្រិតខ្ពស់ (Servo joints) ចំនួន ៨៨កន្លែង គ្របដណ្តប់ដោយស្បែកខាងក្រៅធ្វើពីស៊ីលីកូនដូចមនុស្សពិតៗ អាចជជែកកម្សាន្ត និងសម្លឹងចំកែវភ្នែករបស់អ្នកប្រើប្រាស់បានដូចធម្មជាតិ។

លោក Zhou Jian ស្ថាបនិក និងជាអគ្គនាយក (CEO) នៃក្រុមហ៊ុន UBTech បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពពេញលេញក្នុងការផលិតរ៉ូបូតមនុស្សខ្នាតធំក្នុងបរិមាណច្រើន (Mass-production) ហើយលោកជឿជាក់ថា រ៉ូបូតនឹងក្លាយជាឧបករណ៍ចម្បងក្នុងការប្រាស្រ័យទាក់ទងជាមួយ AI នាពេលអនាគត។

បន្ថែមពីនេះធនាគារវិនិយោគអន្តរជាតិ Morgan Stanley ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ក៏បានដំឡើងការព្យាកររបស់ខ្លួនលើការនាំចេញរ៉ូបូតមនុស្សនៅក្នុងប្រទេសចិន សម្រាប់ឆ្នាំ២០២៦ នេះ ដល់ចំនួន ៥០,០០០គ្រឿង និងរំពឹងថានឹងកើនឡើងដល់ ៤៤៦,០០០គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ ដោយសារតែការពង្រីកចង្វាក់ផលិតកម្ម និងការកើនឡើងនៃតម្រូវការប្រើប្រាស់ក្នុងទីផ្សារសកលលោក៕


Khcct banner

អត្ថបទទាក់ទង