ចិន៖ ទីភ្នាក់ងារអវកាសជាតិចិន (CNSA) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងបង្កើតប្រព័ន្ធព្រមានជាមុនមួយ ដើម្បីតាមដានអាចម៍ផ្កាយដែលនៅក្បែរភពផែនដី និងវាយតម្លៃពីហានិភ័យនៃការធ្លាក់បុកដោយនឹងប្រើប្រាស់ឧបករណ៍ដែលមានមូលដ្ឋានលើដី និងអវកាសកំណត់ការគំរាមកំហែងដែលអាចកើតមាន។ ការប្រកាសគម្រោងនេះ ធ្វើឡើងចំថ្ងៃទិវាអាចម៍ផ្កាយអន្តរជាតិ កាលពីថ្ងៃ៣០ មិថុនា ដើម្បីដាស់តឿនពីគ្រោះថ្នាក់រួមរបស់មនុស្សជាតិស្របពេលដែលបច្ចុប្បន្ន ចិនកំពុងដំណើរការបង្កើតប្រព័ន្ធគំរូ និងក្បួនដោះស្រាយ (Algorithms) សម្រាប់វាយតម្លៃហានិភ័យនេះជាបណ្តើរៗ។
លោក Li Mingtao ប្រធានអ្នកវិទ្យាសាស្ត្រនៃ CNSA បានពន្យល់ថា ប្រសិនបើរកឃើញអាចម៍ផ្កាយមានគ្រោះថ្នាក់ វិធីសាស្ត្រចម្បងគឺ «ការបុកទង្គិចដោយកម្លាំងរូបវន្ត (Kinetic Impact)» ដោយប្រើប្រាស់យានអវកាស ឬមីស៊ីលបាញ់បុកបង្វែរគន្លង ឬបំបែកវាចោល ព្រមទាំងមានបច្ចេកទេសប្រើកាំរស្មីឡាស៊ែរ និងកម្លាំងទំនាញដើម្បីរំកិលវាចេញពីគន្លងផែនដីជាមុន។
លោកបានសង្កត់ធ្ងន់ថា ការរកឃើញអាចម៍ផ្កាយមានគ្រោះថ្នាក់ ឱ្យបានកាន់តែលឿន គឺជារឿងសំខាន់បំផុតដើម្បីផ្តល់ជម្រើសការពារខ្លួនបានកាន់តែច្រើន ខណៈបច្ចុប្បន្នមានអាចម៍ផ្កាយក្បែរផែនដីជាង ៤០,០០០ ត្រូវបានកត់ត្រាលើលោក។
គួរកត់សម្គាល់ថាកាលពីខែ មិថុនា ឆ្នាំ ២០៦០ នេះអាចម៍ផ្កាយជិតផែនដីជាង ៤០,០០០ ត្រូវបានរកឃើញ និងចុះបញ្ជីដោយភ្នាក់ងារអវកាសជុំវិញពិភពលោក។ ទោះបីជាគ្មានអាចម៍ផ្កាយណាមួយត្រូវបានបញ្ជាក់ថាស្ថិតនៅលើដំណើរប៉ះទង្គិចគ្នា ជាមួយផែនដីក៏ដោយ ក៏ភពតូចៗជាច្រើននៅមិនទាន់ត្រូវបានរកឃើញអាចម៍ផ្កាយនៅឡើយទេ៕