Img 1426
Swift cc time

យុវជន រិទ្ធ ដារ៉ូ រៀបចំកម្មវិធី ផ្តល់វេទិកាដល់អ្នកដែលប្តូរអត្តសញ្ញាណយេនឌ័រ បញ្ចេញសមត្ថភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកដឹកនាំកម្មវិធីវ័យក្មេង រិទ្ធ ដារ៉ូ រៀបចំវេទិកា Miss Trans Universe Cambodia ដោយមិនមែនគ្រាន់តែជាការប្រកួតប្រជែងដណ្តើមមកុដសម្រស់ធម្មតានោះទេ ប៉ុន្តែវាគឺជាចលនាវប្បធម៌មួយ ដែលបង្កើតឡើងដើម្បីលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងដាស់ថាមពលភាពជាអ្នកដឹកនាំរបស់អ្នកដែលប្តូរអត្តសញ្ញាណយេនឌ័រ(Transgender) នៅទូទាំងកម្ពុជា។

យុវជន រិទ្ធ ដារ៉ូ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំណុចចាប់ផ្តើមនៃកម្មវិធីនេះ កើតចេញពីបេះដូងដែលចង់ឃើញការផ្លាស់ប្តូរ ដោយសារតែខ្លួនបានមើលឃើញយ៉ាងច្បាស់ថា អ្នកដែលប្តូរអត្តសញ្ញាណយេនឌ័រនៅក្នុងសង្គមកម្ពុជា គឺពោរពេញទៅដោយទេពកោសល្យ ភាពឆ្លាតវៃ និងសក្តានុពលដ៏មហិមា ប៉ុន្តែអ្វីដែលពួកគេខ្វះខាត គឺ "ឱកាស និងវេទិកា" ក្នុងការបញ្ចេញសមត្ថភាព។ ដារ៉ូ បានបន្តថា «ហេតុនេះ ខ្ញុំចង់បង្កើតកម្មវិធីមួយដែលមិនមែនគ្រាន់តែជាការប្រកួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដើម្បីលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ ភាពជាអ្នកដឹកនាំ និងការទទួលស្គាល់ពីសង្គម»។

ស្របពេលជាមួយនឹងខែនៃមោទនភាព (Pride Month) កម្មវិធីនេះបានបញ្ជូនសារដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកថា៖ សហគមន៍ LGBTIQA+ គឺជាមនុស្សដែលមានសមត្ថភាព និងមានតម្លៃស្មើគ្នាជាមួយមនុស្សគ្រប់រូបនៅក្នុងសង្គម ដោយគ្មានការខណ្ឌចែក។ នេះមិនមែនគ្រាន់តែជាការអបអរសាទរអត្តសញ្ញាណនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យសង្គមទាំងមូលរួមគ្នាកសាងពិភពលោកមួយដែលរស់នៅដោយគ្មានការរើសអើង។

កម្មវិធី Miss Trans Universe Cambodia បានបំបែកទម្រង់នៃការប្រកួតបែបចាស់បុរាណ ដោយមិនផ្តោតលើតែរូបរាងខាងក្រៅនោះឡើយ។ ផ្ទុយទៅវិញ ម្ចាស់មកុដពិតប្រាកដត្រូវតែជាបុគ្គលដែលមានភាពជាអ្នកដឹកនាំ និងបញ្ញា ដោយមានសមត្ថភាពក្នុងការគិត ពិចារណា និងនាំផ្លូវអ្នកដទៃទៅរកភាពត្រឹមត្រូវ ព្រមទាំងមានទំនួលខុសត្រូវនិងការងារស្ម័គ្រចិត្ត ដោយស្តែងចេញតាមរយៈបេះដូងស្រឡាញ់សហគមន៍ និងការត្រៀមខ្លួនជានិច្ចក្នុងការលះបង់ដើម្បីផលប្រយោជន៍រួម។ លើសពីនេះទៅទៀត ពួកគេត្រូវតែមានសមត្ថភាពក្នុងការបង្កើតឥទ្ធិពលវិជ្ជមាន ក្នុងនាមជាអ្នកបង្កើតការផ្លាស់ប្តូរ និងជាគំរូដ៏ល្អ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

អ្នកដឹកនាំកម្មវិធីវ័យក្មេងរូបនេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតនៅលើឆាក បេក្ខភាពស្ទើរតែគ្រប់រូបសុទ្ធតែធ្លាប់បានឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់។ ពួកគេភាគច្រើនបានឆ្លងកាត់ការរើសអើង ការបដិសេធពីសង្គម ឬសូម្បីតែការបដិសេធដ៏ឈឺចាប់បំផុតពីសំណាក់ក្រុមគ្រួសារបង្កើតរបស់ខ្លួន។ ប៉ុន្តែ ពួកគេមិនដែលបោះបង់ក្តីស្រមៃឡើយ។ ដើម្បីដុះខាត់ពេជ្រមិនទាន់ច្នៃទាំងនេះ ក្រុមការងាររៀបចំបានបង្កើតវគ្គបណ្តុះបណ្តាលដ៏ស្វិតស្វាញមួយ ដែលរួមមានទាំងការរៀនទ្រឹស្តី បទពិសោធន៍ជាក់ស្តែង និងការងារក្រុម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ពួកគេបានបំប្លែងខ្លួនពីមនុស្សដែលធ្លាប់តែលាក់ខ្លួនក្នុងស្រមោល មកជាយុវជនដែលមានភាពក្លាហាន ហ៊ាននិយាយ ហ៊ានបញ្ចេញមតិ និងមានជំនាញទំនាក់ទំនងយ៉ាងច្បាស់លាស់។»

យុវជន រិទ្ធ ដារ៉ូ បានផ្ញើសារដាស់តឿនថា «អ្នកមានតម្លៃ មិនថាអ្នកជានរណាក៏ដោយ។ កុំអនុញ្ញាតឱ្យការរើសអើង ឬពាក្យអវិជ្ជមានកំណត់អនាគតរបស់អ្នក។ ចូរបន្តអភិវឌ្ឍសមត្ថភាព សិក្សា ធ្វើការលើក្តីស្រមៃរបស់ខ្លួន និងជឿជាក់លើអ្វីដែលអ្នកជឿ។ ពិភពលោកកំពុងផ្លាស់ប្តូរ ហើយអ្នកក៏អាចក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរនោះបានដែរ។ កុំខ្លាចក្នុងការក្លាយជាខ្លួនឯង ព្រោះភាពពិតប្រាកដរបស់អ្នក គឺជាកម្លាំងចលករដ៏ខ្លាំងក្លា»៕


Khcct banner

អត្ថបទទាក់ទង