Img 1426
Swift cc time

ឥណ្ឌា ត្រៀមជួយពង្រឹងសមត្ថភាព«កងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យា»ការពារជាតិកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក វរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ពីការស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ ការបញ្ជាក់ដូច្នោះ ក្នុងឱកាសលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣០ មិថុនានេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនវគ្គសិក្សាជាច្រើនជំនាញ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

លោកក៏បានស្នើឱ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។

លោក វរសេនីយ៍ឯក Adhishek Arora បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។ លោកបានគូសបញ្ជាក់ថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។លើសពីនេះ ឥណ្ឌា ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម៕


Khcct banner

អត្ថបទទាក់ទង