ម៉ានីល៖ សមាជិកជិត ១លាននាក់នៃនិកាយសាសនាដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការប៉ុនប៉ងចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ដែលជាសមាជិកជាន់ខ្ពស់នៃព្រះវិហាររបស់ពួកគេ គឺលោក Rodante Marcoleta ជុំវិញការចោទប្រកាន់ពីបទពុករលួយរឿងលាក់បាំងថវិកាឃោសនាបោះឆ្នោតប្រមាណ ១.២លានដុល្លារ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA អ្នកនាំពាក្យប៉ូលិសតំបន់ លោកស្រី Hazel Asilo បានមានប្រសាសន៍ថា គិតត្រឹមព្រឹកនេះ ចំនួនហ្វូងមនុស្សមានប្រហែល ៨,០០០នាក់ ដែលបានចេញមកតវ៉ានៅតាមដងផ្លូវ និងកំពុងបន្តកើនឡើងថែមទៀត ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រុមអ្នកតវ៉ាបានថ្លែងថា ការធ្វើបាតុកម្មនេះគឺដើម្បីទាមទារឱ្យមានតម្លាភាព ព្រមទាំងបានចោទប្រកាន់ចំណាត់ការតាមផ្លូវច្បាប់ក្នុងការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក Marcoleta ដាក់ពន្ធនាគារនេះថាជា «យុត្តិធម៌មានលក្ខណៈរើសអើង»។
ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានសម្រេចលុបចោលកម្មវិធីពិភាក្សាអាហារថ្ងៃត្រង់ជាមួយអ្នកសារព័ត៌មានបរទេសភ្លាមៗ ដើម្បីនៅតាមដានស្ថានការណ៍សន្តិសុខ និងការវិវត្តនៃបាតុកម្មនេះយ៉ាងដិតដល់។
ការប្រមូលផ្តុំរបស់ក្រុមសាសនា INC ដែលជាប្លុកអ្នកបោះឆ្នោតដ៏មានឥទ្ធិពលរបស់ត្រកូល Duterte នេះ ធ្វើឡើងដើម្បីប្រឆាំងនឹងការប៉ុនប៉ងចោទប្រកាន់សមាជិកព្រឹទ្ធសភា លោក Rodante Marcoleta ពីបទពុករលួយ។ លោក Marcoleta គឺជាសំឡេងឆ្នោតបង្អែកដ៏សំខាន់ក្នុងការជួយការពារអនុប្រធានាធិបតី លោកស្រី Sara Duterte ដែលកំពុងប្រឈមមុខនឹងសវនាការដកតំណែងនៅព្រឹទ្ធសភានៅសប្តាហ៍ក្រោយ។
ក្រៅពីលោក Marcoleta ឥស្សរជនពីររូបទៀតនៃសម្ព័ន្ធមិត្តត្រកូល Duterte ក៏កំពុងជាប់ផុងក្នុងរឿងអាស្រូវច្បាប់ដែរ គឺលោក Jinggoy Estrada ពាក់ព័ន្ធនឹងអំពើពុករលួយគម្រោងទឹកជំនន់ក្លែងបន្លំ និងលោក Bato Dela Rosa ដែលកំពុងរត់គេចខ្លួនពីដីកាចាប់ខ្លួនរបស់តុលាការ ICC ជុំវិញសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាម៕