Img 1426
Swift cc time

ជំនន់ភ្លៀងដុំទឹកកក និងខ្យល់កន្ត្រាក់ខ្លាំង វាយពន្លិចក្រុងមួយរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ អាកាសធាតុអាក្រក់ និងមានការប្រែប្រួលខ្លាំង បានវាយប្រហារលើក្រុងយូលីន (Yulin) ស្ថិតក្នុងខេត្តសានស៊ី (Shaanxi) ភាគពាយព្យប្រទេសចិន កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដោយនាំមកនូវលាយឡំទៅដោយការធ្លាក់ដុំទឹកកក ខ្យល់កន្ត្រាក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុកនៅតាមស្រុក-ខណ្ឌជាច្រើន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ នៅក្នុងស្រុកមីជី (Mizhi) គ្រាប់ដុំទឹកកកបានធ្លាក់មកលើដីយ៉ាងក្រាស់ក្រែល និងបោកបក់ចំរថយន្តដែលចតតាមដងផ្លូវបណ្តាលឱ្យមានសូរគ្រហឹម និងបង្កការខូចខាត។ នៅក្នុងស្រុកស៊ុយដឺ (Suide) ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យផ្លូវថ្នល់ជាច្រើនខ្សែរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ហើយរថយន្តមួយចំនួនថែមទាំងត្រូវបានហូរនាំទៅតាមចរន្តទឹកជំនន់ដ៏ខ្លាំងក្លាទៀតផង។

តាមទិន្នន័យត្រួតពិនិត្យបានបង្ហាញថា ប្រព័ន្ធព្យុះនេះបានបង្កើតឱ្យមានកម្លាំងខ្យល់កន្ត្រាក់អតិបរមារហូតដល់កម្រិតទី១២ (Force 12) ផ្អែកតាមមាត្រដ្ឋាន Beaufort (ដែលជាកម្រិតខ្យល់ព្យុះបំផ្លិចបំផ្លាញ) ខណៈកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតអាចឡើងដល់ ៥៥.១ មីលីម៉ែត្រក្នុងមួយម៉ោង។ ស្រុក និងខណ្ឌជាច្រើនបានរាយការណ៍ពីការលិចលង់ផ្លូវថ្នល់ និងមានដើមឈើដួលរលំ ដែលបង្កការរំខានដល់ការធ្វើដំណើរ និងប្រព័ន្ធចរាចរណ៍យ៉ាងខ្លាំង។

នាយកដ្ឋានឧតុនិយមប្រចាំតំបន់របស់ចិន បានចេញការព្រមានថា ភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការធ្លាក់ដុំទឹកកកនៅតាមតំបន់ខ្លះ អាចនឹងបន្តជះឥទ្ធិពលលើផ្នែកខ្លះនៃក្រុងយូលីនបន្ថែមទៀតនៅថ្ងៃចន្ទនេះ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈការពារខ្លួនជាមុន៕ 

Khcct banner

អត្ថបទទាក់ទង