បាងកក៖ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក Suriya Juangroongruangkit បានប្រកាសនៅថ្ងៃចន្ទនេះថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរ នៅថ្ងៃពុធខាងមុខនេះ ដើម្បីជួបពិភាក្សាការងារជាមួយភាគីម៉ាឡេស៊ី ក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មជុំវិញការនាំចេញបង្គាថៃទៅកាន់ម៉ាឡេស៊ី និងការនាំចូលត្រីកំប៉ាវ (Sea bass) ពីម៉ាឡេស៊ីមកកាន់ប្រទេសថៃ។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃ Thai PBS លោក Suriya បានគូសបញ្ជាក់ថា ក្រសួងកសិកម្មម៉ាឡេស៊ីបានយល់ព្រមបើកកិច្ចចរចាលើបញ្ហានេះហើយ។ កិច្ចពិភាក្សានឹងផ្តោតសំខាន់លើការដោះស្រាយវិធានការរបស់ម៉ាឡេស៊ី ដែលបានប្រកាសហាមឃាត់ការនាំចូលបង្គាចំនួន ៥ប្រភេទពីប្រទេសថៃ កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយអាជ្ញាធរម៉ាឡេស៊ីបានលើកឡើងពីកង្វល់ផ្នែកសុវត្ថិភាពចំណីអាហារលើបង្គាថៃ។
ភ្លាមៗបន្ទាប់ពីមានការបិទផ្លូវពាណិជ្ជកម្មនេះ ក្រុមអ្នកចិញ្ចឹមបង្គាថៃបានចេញមុខតវ៉ា និងស្នើឱ្យរាជរដ្ឋាភិបាលថៃជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះជាបន្ទាន់។
ជាការឆ្លើយតប រដ្ឋមន្ត្រីកសិកម្មថៃបានអះអាងថា ក្រសួងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយវិបត្តិនេះ ការពារផលប្រយោជន៍របស់កសិករចិញ្ចឹមបង្គា ក៏ដូចជាអាជីវកម្មទាំងឡាយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មបង្គារបស់ថៃ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរឡើងវិញ។
លោកបានបន្ថែមថា ភាគីថៃត្រៀមខ្លួនរួចជាស្រេចក្នុងការកែសម្រួលប្រព័ន្ធពិនិត្យសុខភាពត្រីកំប៉ាវនាំចូលពីម៉ាឡេស៊ី (ដែលជាដើមហេតុនាំឱ្យមានការកកិតរកាំរកូសផ្នែកពាណិជ្ជកម្ម) ដោយនាំយកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ដើម្បីពន្លឿនការត្រួតពិនិត្យ និងសង្ឃឹមយ៉ាងមុតមាំថា ចំណាត់ការនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាបញ្ចប់ជម្លោះពាណិជ្ជកម្មមួយនេះ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ភាគីម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួនមានលទ្ធភាពអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ទោះបីជាមានការផ្អាកការនាំចូលបង្គាទាំង ៥ប្រភេទពីប្រទេសថៃក៏ដោយ ហើយខ្លួននឹងចាប់ផ្តើមពង្រឹងវិស័យកសិកម្ម និងវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនថែមទៀត៕