ណារ៉ាធិវ៉ាត់៖ មានយ៉ាងហោចណាស់ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីពីរនាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកកែច្នៃនៅតាមដងផ្លូវក្នុងខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ភាគខាងត្បូងថៃ។
នៅថ្ងៃចន្ទនេះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក បានវាយប្រហារលើស្ថានីយប្រេងឥន្ធនៈ PTT ចំនួនបីកន្លែង នៅក្នុងខេត្តយ៉ាឡា (Yala) និងខេត្តប៉ាតានី (Pattani) កាលពីយប់ថ្ងៃអាទិត្យ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឱ្យមនុស្សម្នាក់រងរបួស។
អាជ្ញាធរថៃបានទម្លាក់កំហុសលើក្រុមឧទ្ទាមភាគខាងត្បូងចំពោះការវាយប្រហារទាំងនេះ ដោយលើកឡើងថា ពួកគេមានបំណងបំផ្លាញសន្តិសុខសាធារណៈ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់។ អាជ្ញាធរថាបានបើកការស្វែងរកអ្នកដែលពាក់ព័ន្ធ និងអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន៕