Img 1426
Swift cc time

យុវជន ៤៤ នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលភាពយន្តឯកសារ ព្រមទាំងរួមគ្នាផលិតបានចំនួន ៤៨ ដើម្បីកត់ត្រារឿងរ៉ាវកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងរយៈពេលបួនឆ្នាំ ចាប់ពី២០២២ដល់២០២៦ យុវជនកម្ពុជា ចំនួន ៤៤នាក់ មកពីខេត្តចំនួន១៥ផ្សេងគ្នា បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តឯកសារដោយជោគជ័យ ព្រមទាំងបានរួមគ្នាផលិតភាពយន្តឯកសារចំនួន ៤៨ ដែលកត់ត្រាយ៉ាងរស់រវើកអំពីចម្រុះភាពវប្បធម៌ និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមជាច្រើនទទួលបានឱកាសការងារនៅក្នុងផលិតកម្មល្បីៗ ស្ថានីយ៍ទូរទស្សន៍ ស្ថាប័នរដ្ឋាភិបាល អង្គការវប្បធម៌ អង្គការមិនមែនរដ្ឋាភិបាល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត។

សិក្ខាកាមទាំង ៤៤ នាក់នេះ មានប្រភពមកពីបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេស រួមមានរាជធានីភ្នំពេញ កំពង់ធំ កំពង់ចាម រតនគីរី បាត់ដំបង សៀមរាប កណ្តាល កំពង់ស្ពឺ ក្រចេះ តាកែវ ព្រះវិហារ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រៃវែង និងមណ្ឌលគីរី។ អ្វីដែលជាចំណុចលេចធ្លោនៃកម្មវិធីនេះ គឺការបើកឱកាសយ៉ាងទូលំទូលាយដល់សិក្ខាកាមដែលមកពីសហគមន៍ជនជាតិភាគតិច និងសហគមន៍ជនជាតិដើមភាគតិច ដូចជាជនជាតិកួយ ចារ៉ាយ កាវ៉េត ទំពួន និងចាម ជាដើម ដែលធ្វើឱ្យរឿងរ៉ាវដែលបានលើកយកមកបង្ហាញមានលក្ខណៈសម្បូរបែប និងឆ្លុះបញ្ចាំងពីតថភាពពិតនៃសហគមន៍នីមួយៗ។

គម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» បានផ្តល់នូវការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ មិនត្រឹមតែលើផ្នែកបច្ចេកទេសដូចជា គោលគំនិតនៃការផលិតភាពយន្តឯកសារ ការថតភាពយន្ត ការថតសំឡេង ការដឹកនាំរឿង ការកែសម្រួលពណ៌ ការស្រាវជ្រាវបណ្ណសារ ការរចនាក្រាហ្វិក និងបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តោតលើការអភិវឌ្ឍជំនាញទន់ (Soft Skills) រួមមានការធ្វើការជាក្រុម ការធ្វើទំនាក់ទំនង ការគិតបែបស៊ីជម្រៅ ការនិទានរឿងប្រកបដោយសីលធម៌ និងភាពជាអ្នកដឹកនាំផងដែរ។

ក្រៅពីការសិក្សានៅក្នុងថ្នាក់ សិក្ខាកាមបានចុះទៅអនុវត្តផលិតភាពយន្តដោយផ្ទាល់នៅតាមសហគមន៍នានា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង កំពង់ធំ តាកែវ កែប កំពត និងខេត្តសៀមរាប។ ពួកគេបានកត់ត្រានូវប្រធានបទចម្រុះជាច្រើន រាប់ចាប់ពីប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ការអភិរក្សបរិស្ថាន ជីវភាពរស់នៅបែបប្រពៃណី ជីវិតរបស់ជនមានពិការភាព ការផ្លាស់ប្តូរនៅក្នុងសង្គម រហូតដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវជន ជាពិសេសអ្នកដែលមកពីសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ តាមរយៈការរួមបញ្ចូលគ្នានូវការបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈ និងការអប់រំផ្នែកបណ្ណសារ គម្រោងនេះបានត្រួសត្រាយផ្លូវឱ្យយុវជនអាចរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួន និងចូលរួមថែរក្សាការចងចាំផ្នែកវប្បធម៌របស់ជាតិ។

ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមជាច្រើនទទួលបានឱកាសការងារភ្លាមៗនៅក្នុងផលិតកម្មល្បីៗ ស្ថានីយ៍ទូរទស្សន៍ ស្ថាប័នរដ្ឋាភិបាល អង្គការវប្បធម៌ អង្គការមិនមែនរដ្ឋាភិបាល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត។ ទន្ទឹមនឹងនេះ សិក្ខាកាមមួយចំនួនទៀតបានចាប់យកអាជីពជាសមិទ្ធករភាពយន្តឯករាជ្យ អ្នកដំឡើងរូបភាព អ្នកយកព័ត៌មាន និងអ្នកបង្កើតវីដេអូលើបណ្តាញសង្គម ខណៈដែលអ្នកខ្លះទៀតបានបន្តការសិក្សាកម្រិតខ្ពស់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ដោយផ្អែកលើគ្រឹះដ៏រឹងមាំដែលទទួលបានពីគម្រោងនេះ។

ជារួម គំនិតផ្តួចផ្តើមរយៈពេលបួនឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់ថា ការផលិតភាពយន្តឯកសារមិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ការអភិរក្សវប្បធម៌ ការអប់រំ និងការសន្ទនាសង្គម។ តាមរយៈការបន្លឺសំឡេងរបស់សហគមន៍ដែលរឿយៗត្រូវបានគេមើលរំលង យុវជនជំនាន់ថ្មីទាំងនេះបានពង្រឹងការគោរព និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌ចម្រុះរបស់កម្ពុជា។ ស្នាដៃរបស់ពួកគេនឹងធានាថា ប្រវត្តិសាស្ត្រក្នុងស្រុក និងចំណេះដឹងជនជាតិដើមភាគតិច នឹងត្រូវរក្សាទុក និងចែករំលែកទៅកាន់ទស្សនិកជនទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា គម្រោង«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» ត្រូវបានផ្តួចផ្តើមដោយ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) ដោយមានការគាំទ្រដ៏ពីមូលនិធិហេនរីលូស៍ (The Henry Luce Foundation) តាមរយៈ Give2Asia និង Myriad USA៕


Khcct banner

អត្ថបទទាក់ទង