ម៉ែលប៊ន៖ សមាជិកស្រីម្នាក់នៃក្រុមនាវិកអាកាសចរណ៍ថៃ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិម៉ែលប៊ន (Melbourne Airport) បន្ទាប់ពីមន្ត្រីកងកម្លាំងព្រំដែនអូស្ត្រាលី (ABF) បានពិនិត្យកាំរស្មីអ៊ិច (X-ray) រកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ ១គីឡូក្រាម ដែលមានតម្លៃប្រហែល ៥០០,០០០ ដុល្លារអូស្ត្រាលី (ឬប្រមាណជាង ៣៤ម៉ឺនដុល្លារអាម៉េរិក) លាក់ទុកក្នុងស្រទាប់បាតកាបូបរបស់នាង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតBangkok Post។
យោងតាមការប្រកាសរបស់ប៉ូលិសសហព័ន្ធអូស្ត្រាលីនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នារីជាជនសង្ស័យវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោយពេលដែលមន្ត្រីព្រំដែនមានការសង្ស័យអំឡុងពេលត្រួតពិនិត្យឥវ៉ាន់របស់នាង។ តាមរយៈការពិនិត្យយ៉ាងល្អិតល្អន់ទៅលើកាបូបយួរដៃ (Tote bags) ចំនួន ១២របស់នាង ក្រុមមន្ត្រីបានរកឃើញម្សៅពណ៌សលាក់ក្នុងស្រទាប់ក្រណាត់កាបូប ហើយលទ្ធផលតេស្តបានបញ្ជាក់ថា វាពិតជាសារធាតុហេរ៉ូអ៊ីនពិតប្រាកដមែន។
ជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ហើយនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការក្រុងម៉ែលប៊ន (Melbourne Magistrates Court) ម្តងទៀតនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ ដោយប្រឈមមុខនឹងការចោទប្រកាន់ចំនួន ២ករណី គឺការនាំចូល និងការកាន់កាប់គ្រឿងញៀនខុសច្បាប់ ដែលបទល្មើសនីមួយៗអាចប្រឈមនឹងទោសជាប់ពន្ធនាគារអតិបរមារហូតដល់ ២៥ឆ្នាំ។ បច្ចុប្បន្ន ប៉ូលិសអូស្ត្រាលីមិនទាន់បញ្ចេញឈ្មោះ តួនាទីការងារ ឬឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដែលនាងបម្រើការងារនៅឡើយទេ។
មេបញ្ជាការកងកម្លាំងព្រំដែនអូស្ត្រាលី លោក Clint Sims បានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជារឿយៗតែងតែប្រើប្រាស់បុគ្គលិកផ្ទៃក្នុង រួមទាំងក្រុមអាកាសយានិក ដើម្បីលួចលាក់នាំចូលគ្រឿងញៀនមកកាន់ប្រទេសអូស្ត្រាលី។ លោកបានសង្កត់ធ្ងន់ថា រាល់បុគ្គលទាំងឡាយណាដែលប៉ុនប៉ងនាំចូលគ្រឿងញៀនខុសច្បាប់មកកាន់អូស្ត្រាលី ទោះបីជាមានបុណ្យស័ក្តិ ឬតួនាទីអ្វីក៏ដោយ នឹងត្រូវក្លាយជាគោលដៅបង្ក្រាប និងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕