ដាកា៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី សេក ហាស៊ីណា (Sheikh Hasina) ដែលបាននិរទេសខ្លួនចេញពីប្រទេសក្រោយពីប្រជាពលរដ្ឋបង់ក្លាដែសចេញផ្លូវផ្ទុះការតវ៉ាទម្លាក់លោកស្រីចេញពីអំណាចកាលពីពាក់កណ្តាលឆ្នាំ ២០២៤ កន្លងទៅ លោកស្រីបានចេញមុខប្រកាសថានឹងវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញនៅឆ្នាំនេះ ដោយលោកស្រីបានចាត់ទុកការកាត់ទោសប្រហារជីវិតលើលោកស្រីជារឿងមិនអាចទទួលយកបាន និងថាជាហេតុផលនយោបាយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV លោកស្រី ហាស៊ីណា បាននិយាយថា លោកស្រីមិនខ្លាចស្លាប់ទេ លោកស្រីចាត់ទុកសាលក្រមប្រឆាំងនឹងលោកស្រីគឺជាផ្នែកមួយនៃដំណើរការខុសច្បាប់ មិនស្របតាមរដ្ឋធម្មនុញ្ញ និងដោយសារតែហេតុផលនយោបាយ។ លោកស្រីថាការឃុបឃិតជាច្រើនត្រូវបានបង្កើតឡើងប្រឆាំងនឹងលោកស្រី។ លោកស្រីបញ្ជាក់ប្រាប់ថាខ្ញុំចង់និយាយឲ្យច្បាស់ថា ខ្ញុំនឹង ជំនះរាល់ឧបសគ្គ និងរាល់ការឃុបឃិតគ្នាប្រឆាំង ខ្ញុំនឹងត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញនៅឆ្នាំនេះ ។
គួររម្លឹកថាលោកស្រី ហាស៊ីណា វ័យ ៧៨ ឆ្នាំ បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្នុងខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតបានបញ្ចប់ការគ្រប់គ្រងផ្តាច់ការរបស់លោកស្រីរយៈពេល ១៥ ឆ្នាំ ហើយកាលពីខែ វិច្ឆិកា ឆ្នាំមុនលោកស្រី ហាស៊ីណា ត្រូវបានរកឃើញថាមានទោសដោយតុលាការទីក្រុងដាកា ពីបទញុះញង់ បញ្ជាឲ្យសម្លាប់ និងភាពអសកម្មក្នុងការទប់ស្កាត់អំពើឃោរឃៅ និងត្រូវបានកាត់ទោសឲ្យព្យួរក៕