ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃចន្ទនេះ បានប្រកាសដាក់បញ្ចូលអង្គភាព និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន ២០ ទៅក្នុង «បញ្ជីខ្មៅ» ដើម្បីរារាំងការនាំចេញទំនិញដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា (Dual-use items) របស់ជប៉ុន។ ចិនថាវិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ ផលប្រយោជន៍របស់ប្រទេស និងដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ រួមទាំងការមិនសាយភាយអាវុធ ដោយសារតែអង្គភាពទាំងនោះបានចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពយោធារបស់ជប៉ុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន។
យោងតាមក្រសួងពាណិជ្ជកម្មចិន ក្នុងចំណោមក្រុមហ៊ុនដែលរងទណ្ឌកម្មទាំងនោះ រួមមានទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិ (National Institute for Defense Studies) និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ និងលំហអាកាស Mitsubishi Electric (Mitsubishi Electric Defense and Space Technologies Corporation) ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានរិះគន់ចំៗថា ជប៉ុនកំពុងតែដើរលើផ្លូវខុសកាន់តែឆ្ងាយទៅៗ ក្នុងការជំរុញឱ្យមានលទ្ធិយោធានិយមទម្រង់ថ្មី។ចិនចាត់ទុកការសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវ ស្របច្បាប់ និងមានហេតុផលច្បាស់លាស់ ហើយវានឹងមិនប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចធម្មតារវាងចិន និងជប៉ុនឡើយ។
គួររំលឹកថា ទំនាក់ទំនងរវាងចិន-ជប៉ុន បានចាប់ផ្តើមល្អក់កករខ្លាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រោយពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ទីក្រុងតូក្យូអាចនឹងចាត់វិធានការឆ្លើយតបផ្នែកយោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ស្ថានភាពនេះបានជំរុញឱ្យអាជ្ញាធរចិនបង្កើនសម្ពាធជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភៈមក រហូតឈានដល់ការរឹតបន្តឹងការនាំចេញសារធាតុរ៉ែកម្រ (Rare Earths) ដែលចិនជាអ្នកផលិត និងកែច្នៃធំជាងគេបំផុតនៅលើពិភពលោក និងជាសារធាតុដ៏សំខាន់សម្រាប់ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដូចជាស្មាតហ្វូន ឡានអគ្គិសនី និងប្រព័ន្ធណែនាំកាំជ្រួចមីស៊ីលជាដើម៕