Img 1426
Swift cc time

យុវតីឆ្នើមខ្មែរអុិស្លាម កញ្ញា ស្លេះ រ៉យ្យ៉ាន តែងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការនិយាយជាសាធារណៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មានចិត្តស្រលាញ់«ការនិយាយជាសាធារណៈ» តាំងពីវ័យ ១៥ឆ្នាំ កញ្ញា ស្លេះ រ៉យ្យ៉ាន តែងតែនាំយកមោទនភាព និងលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ថ្មីៗនេះ កញ្ញាបានដណ្តើមជ័យជម្នះជូនជាតិ តាមរយៈការដណ្តើមបានជ័យលាភីលេខ១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយក្រុមរបស់ខ្លួន ហើយនឹងត្រូវធ្វើជាតំណាងទៅប្រកួតប្រជែងក្នុងកម្រិតពិភពលោក ប៉ះជាមួយតំណាងមកពីតំបន់ចំនួន ៤ ផ្សេងទៀតនៅក្នុងលំដាប់ពិភពលោក នៅប្រទេសហ្វីលីពីន។

បច្ចុប្បន្ន កញ្ញា ស្លេះ រ៉យ្យ៉ាន ជានិស្សិតឆ្នាំទី៤ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងកំពុងប្រកបអាជីពជាអ្នកវិភាគអាជីវកម្មក្រៅម៉ោង (Part-time Business Analyst) ផងដែរ។ ក្រៅពីការនិយាយជាសាធារណៈ រ៉យ្យ៉ាន ក៏ជាយុវតីដ៏សកម្មម្នាក់ក្នុងការចូលរួមការងារសង្គម ការប្រកួតប្រជែងគំនិតអាជីវកម្ម និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេសជាច្រើន រួមមាន៖ សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។

ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ កញ្ញា ស្លេះ រ៉យ្យ៉ាន បានរំឮកថា កញ្ញាបានចាប់ផ្តើមចូលរួមការប្រកួតនិយាយជាសាធារណៈដំបូងបង្អស់នៅអាយុ ១៥ឆ្នាំ ដោយកាលនោះទទួលបានជ័យលាភីលេខ៣។ ការប្រឡូកក្នុងវិស័យនេះតាំងពីវ័យកុមារ បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តឱ្យកញ្ញា បន្តដាក់ពាក្យប្រកួតក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ រហូតអាចក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយក្រុមតំណាងកម្ពុជាឈ្មោះ «Oh Four» ដែលមានសមាជិក ២រូបផ្សេងទៀត។

យុវតីឆ្នើមរូបនេះបានគូសបញ្ជាក់ថា គ្រប់កម្មវិធីអន្តរជាតិដែលកញ្ញាបានចូលរួម កញ្ញាតែងតែមានមោទនភាពយ៉ាងខ្លាំងក្នុងការលើកតម្កើងកិត្តិយសប្រទេសកម្ពុជា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សជុំវិញខ្លួន និងសហគមន៍។ អ្វីដែលពិសេសជាងនេះទៅទៀត កញ្ញាបានបន្ថែមថា ខ្លួនមិនត្រឹមតែតំណាងឱ្យប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យសហគមន៍ខ្មែរអ៊ិស្លាម និងស្ត្រីទូទៅផងដែរ ដោយកញ្ញាចង់បង្ហាញឱ្យសង្គម និងពិភពលោក បានឃើញថា យុវជនខ្មែរអ៊ិស្លាម ក៏មានសមត្ថភាព និងទេពកោសល្យខ្ពស់មិនចាញ់គេនោះឡើយ៕

ទស្សនាបទសម្ភាសពេញ៖ 



Khcct banner

អត្ថបទទាក់ទង