ហ្សឺណែវ៖ វិបត្តិព្យុះកម្ដៅកម្រិតធ្ងន់ធ្ងរកំពុងវាយប្រហារពាសពេញតំបន់អឺរ៉ុប ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក។ គិតត្រឹមថ្ងៃអាទិត្យ វាបានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើងលើសពីការរំពឹងទុកជាង ១,៣០០នាក់។ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អឺរ៉ុបគឺជាទ្វីបដែលកំពុងឡើងកំដៅលឿនបំផុតនៅលើភពផែនដី។
យោងតាមការបង្ហោះលើបណ្តាញសង្គម X របស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានអះអាងថា បច្ចុប្បន្នមានប្រជាជនប្រហែល ១៥០លាននាក់ កំពុងរស់នៅក្រោមលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងហួសប្រមាណ ដែលបង្កឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត សាលារៀនត្រូវបិទទ្វារ និងប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីរងការរំខានយ៉ាងខ្លាំង។
លោកបានសង្កត់ធ្ងន់ថា ឥទ្ធិពលនៃកម្តៅខ្លាំងនេះគឺជា «ឃាតករលាក់មុខ» ព្រោះផ្ទះសម្បែង កន្លែងធ្វើការ និងសាលារៀននៅអឺរ៉ុប មិនត្រូវបានសាងសង់ឡើងសម្រាប់ទប់ទល់នឹងសីតុណ្ហភាពខ្ពស់បែបនេះឡើយ។
លោក Tedros គូសបញ្ជាក់ថា បច្ចុប្បន្នអង្គការ WHO កំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក និងដៃគូនានា ដើម្បីដោះស្រាយការគំរាមកំហែងដល់សុខភាពដែលបង្កឡើងដោយកម្តៅខ្លាំងនេះ ដោយផ្តោតលើការត្រៀមលក្ខណៈ ការបង្ការ និងការពង្រឹងប្រព័ន្ធសុខាភិបាល។
លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ «អនុវត្តផែនការសកម្មភាពសុខភាពដើម្បីទប់ទល់នឹងកម្តៅ» ដែលជាផ្នែកមួយនៃរបៀបវារៈទូលំទូលាយក្នុងការការពារសុខភាពសាធារណៈពីការប្រែប្រួលអាកាសធាតុ ព្រោះបាតុភូតរលកកំដៅដ៏កាចសាហាវដែលធ្លាប់តែកើតឡើងម្តងក្នុងមួយជំនាន់មនុស្ស ឥឡូវនេះបាននិងកំពុងកើតឡើងជារៀងរាល់ឆ្នាំ៕