អង់គ្លេស៖ អាជ្ញាធរអង់គ្លេស បានចេញសេចក្ដីព្រមានបន្ទាន់មួយដល់អាណាព្យាបាលឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះឧបករណ៍ក្មេងលេងប្រភេទជែល ក្រោយមានការលេចឡើងនូវនិន្នាការដ៏គ្រោះថ្នាក់មួយនៅលើបណ្តាញសង្គម ដោយជំរុញ និងណែនាំកុមារឱ្យយក«ប្រដាប់ក្មេងលេង»ប្រភេទជែល មានរូបរាងដូចជានំប៉ាវ ឬរបស់ញ៉ាំ ទៅដាក់កំដៅនៅក្នុងម៉ាស៊ីនកម្ដៅ Microwave។ នេះបើតាមព័ត៌មានពីក្រុមប្រឹក្សាស្រុក Gloucestershire នៃចក្រភពអង់គ្លេស។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ក្រុមមន្ត្រីជំនាញបានពន្យល់ថា ទោះបីជាផ្ទៃខាងក្រៅនៃប្រដាប់ក្មេងលេងទាំងនោះមើលទៅត្រជាក់ធម្មតាក៏ដោយ ប៉ុន្តែសារធាតុជែលនៅខាងក្នុងអាចនឹងឡើងកំដៅខ្លាំងហួសប្រមាណនៅពេលដាក់ក្នុងម៉ាស៊ីន Microwave ដែលជាហេតុបង្កឱ្យមានការផ្ទុះបែកខ្ទាត និងបណ្តាលឱ្យរលាកស្បែក ឬរងរបួសធ្ងន់ធ្ងរដល់កុមារ។ អាជ្ញាធរអង់គ្លេសបានសង្កត់ធ្ងន់ថា ប្រដាប់ក្មេងលេងទាំងនេះមិនត្រូវយកទៅដាក់កំដៅដាច់ខាត។
លោក Paul Hodgkinson សមាជិកគណៈរដ្ឋមន្ត្រីទទួលបន្ទុកស្តង់ដារពាណិជ្ជកម្ម បានអំពាវនាវដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការទិញផលិតផលណាដែលមើលទៅអន់គុណភាព គ្មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ ឬមានក្លិនគីមីខ្លាំង។
លោកក៏បានរំលឹកដល់ក្រុមអាជីវករលក់រាយទាំងអស់ ឱ្យធានាថាទំនិញដែលខ្លួនដាក់លក់ត្រូវតែស្របទៅតាមច្បាប់សុវត្ថិភាពរបស់ចក្រភពអង់គ្លេសជាដាច់ខាត ព្រមទាំងជំរុញឱ្យសាធារណជនឈប់ធ្វើតាមនិន្នាការវីដេអូល្បីៗ (Viral Trends) ដ៏គ្រោះថ្នាក់នៅលើអនឡាញនោះបន្តទៀត។
គួរបញ្ជាក់ថា មន្ត្រីស្តង់ដារពាណិជ្ជកម្មអង់គ្លេស ក៏បានសម្រេចរឹបអូសប្រដាប់ក្មេងលេងខុសច្បាប់ និងគ្មានសុវត្ថិភាពចំនួន ១,៩៦៨ដុំ ក្នុងរយៈពេល ៣ខែចុងក្រោយ ដែលក្នុងនោះរួមមានទាំងផលិតផលលួចចម្លង និងក្លែងបន្លំម៉ាកល្បីៗដូចជា Squishy Dumpling និង NeeDoh ជាដើម៕