Img 1426
Swift cc time

ខ្មាន់កាំភ្លើងជនជាតិថៃ បាញ់សម្លាប់ពលករមីយ៉ាន់ម៉ា ៣នាក់ ក្រោយផ្ទុះជម្លោះទាស់សម្ដីគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ករណីបាញ់ប្រហារយ៉ាងរន្ធត់មួយកាលពីយប់ជ្រៅថ្ងៃទី២៧ ខែមិថុនា នៅក្នុងខេត្តឆាឈើនសៅ ប្រទេសថៃ គិតត្រឹមថ្ងៃអាទិត្យ បានបណ្តាលឱ្យពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ាចំនួន ៣នាក់បាត់បង់ជីវិត និងបុរសជនជាតិថៃម្នាក់ទៀតរងរបួសធ្ងន់។ ខ្មាន់កាំភ្លើងដែលជាសមាជិកប្រជាការពារភូមិវ័យ ២៤ឆ្នាំ ឈ្មោះ Theerapat Nopthao ត្រូវបានឃាត់ខ្លួន ហើយរូបគេបានសារភាពថា ខ្លួននិងមិត្តភក្តិបានទៅព្រមានក្រុមពលករដែលផឹកស៊ីចាក់ធុងបាសឡូឡា ប៉ុន្តែស្រាប់តែមានជម្លោះ រហូតមិត្តភក្តិរបស់គេត្រូវគេវាយនឹងដប និងចាក់នឹងកាំបិត ទើបគេសម្រេចចិត្តបាញ់ប្រហារដើម្បីការពារខ្លួនពីការដេញកាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។

យោងតាមរបាយការណ៍ពីប៉ូលិសថៃ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ២៣:៣០ នាទីយប់ នៅក្នុងភូមិ Ban Nong Nam Dam ស្រុក Phanom Sarakham។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសាកសពជនជាតិមីយ៉ាន់ម៉ា ៣នាក់ មានស្នាមរបួសត្រូវគ្រាប់កាំភ្លើងជាច្រើនកន្លែង ព្រមទាំងប្រមូលបានសំបកគ្រាប់កាំភ្លើងទំហំ 9mm ចំនួនជាង ១៦សំបក កាំភ្លើងខ្លីមួយដើម និងកាំបិតមួយដែលជឿជាក់ថាត្រូវបានប្រើប្រាស់ក្នុងជម្លោះនេះ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកម្លាំងប៉ូលិសទៅដល់ បុរសជនជាតិថៃម្នាក់ឈ្មោះ Pichai Daphantha ដែលរងរបួសចាក់ចំចំហៀងខ្លួនខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Phanom Sarakham រួចរាល់ហើយ។

បច្ចុប្បន្ន ភ្នាក់ងារកោសល្យវិច័យកំពុងមមាញឹកប្រមូលភស្តុតាងបន្ថែមនៅកន្លែងកើតហេតុ ខណៈអាជ្ញាធរថៃមិនទាន់ប្រកាសពីការចោទប្រកាន់ជាផ្លូវការណាមួយនៅឡើយទេ។ សមត្ថកិច្ចថៃ ក៏កំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជុំវិញវិវាទដ៏រន្ធត់នេះ៕

Khcct banner

អត្ថបទទាក់ទង