ប៉េកាំង៖គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចបុកអគារខ្ពស់កប់ពពកកាលពីល្ងាចថ្ងៃ២៦មិថុនា នៅក្នុងទីក្រុងប៉េកាំង គិតត្រឹមថ្ងៃសៅរ៍ បានបណ្តាលឱ្យអ្នកបើកបរយន្តហោះម្នាក់បាត់បង់ជីវិត និងមនុស្ស ១៣នាក់ផ្សេងទៀតរងរបួសកំពុងទទួលការព្យាបាល ខណៈអាជ្ញាធរចិន កំពុងបន្តស៊ើបអង្កេតថាតើជនរងគ្រោះទាំងនោះស្ថិតនៅក្នុងអគារ ឬត្រូវកម្ទេចកំទីហោះត្រូវ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធជុំវិញរងការខូចខាត។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
យោងតាមរដ្ឋាភិបាលចិន បានអះអាងថាយន្តហោះធុនស្រាលដែលមានកៅអីអង្គុយចំនួនពីរ បានហោះទៅបុកអគារកម្ពស់ ១០៨ជាន់ខាងលើ កាលពីវេលាល្ងាច ដោយនៅក្នុងនោះ អ្នកបើកបរយន្តហោះដែលបានស្លាប់ គឺជាមនុស្សតែម្នាក់គត់ដែលស្ថិតនៅលើផ្ទៃយន្តហោះ។ ផ្ទាំងកញ្ចក់ចំនួនពីរសន្លឹកនៅលើជាន់ខ្ពស់នៃអគារបានរងការខូចខាត ក្រោយកើតហេតុគេបានឃើញក្រុមពន្លត់អគ្គិភ័យកំពុងបាញ់ពន្លត់អណ្តាតភ្លើងតូចៗនៅលើដី ដែលការខូចខាតនេះមិនទាន់អាចវាយតម្លៃជាប្រាក់បាននៅឡើយទេ រីឯផ្លូវនានានៅជុំវិញតំបន់កើតហេតុនៅតែបន្តបិទដដែល។
បច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះ និងអាជ្ញាធរចិន កំពុងតែមមាញឹកក្នុងការចេញអន្តរាគមន៍សង្គ្រោះបន្ទាន់ ព្រមទាំងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជុំវិញឧបទ្ទវហេតុដ៏រន្ធត់នេះ។ ភ្នាក់ងារព័ត៌មានបានប្រកាសថា ស្ថានភាពគ្រាអាសន្នត្រូវបានគ្រប់គ្រងជាបណ្តើរៗហើយ ខណៈដែលព័ត៌មានលម្អិតបន្ថែមនឹងត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់៕