Img 1426
Swift cc time

កម្ពុជា-គុយបា បន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

ភ្ជាប់ការរំលឹកពីចំណងការទូត លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកស្រីក៏បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រីដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការសម្របសម្រួលជូនប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។

លោកស្រីកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍កោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានកំពុងដំណើរការកិច្ចប្រជុំ Hotline ជាទៀងទាត់ ជាមួយបណ្ដាស្ថានទូតនៅកម្ពុជា រួមទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកស្រីចាត់ទុកកិច្ចប្រជុំនេះ ថាជាការផ្ដល់ឱកាសឱ្យគ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលលោកស្រីចាត់ទុកជាគំរូ និងសូមផ្ដល់ការលើកទឹកចិត្តខ្ពស់។

ពាក់ព័ន្ធវិស័យសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីឈានទៅបង្កើតបានក្របខណ្ឌទ្វេភាគី សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ជាអាទិ៍ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ក្នុងបរិបទមនុស្សជាតិប្រឈមនឹងបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕


Khcct banner

អត្ថបទទាក់ទង