ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងគ្មានលក្ខខណ្ឌ ចំពោះគោល នយោបាយ និងវិធានការដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាតនូវរាល់ ទីតាំង និងបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដីកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ «សន្និសីទអន្តរជាតិស្តីពីការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ដោយមានការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុក គ្រឿងញៀននិងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (UNODC-ROSEAP) មជ្ឈមណ្ឌលសហ- ប្រតិបត្តិការអនុវត្តច្បាប់និងសន្តិសុខរួមឡានឆាង-មេគង្គ (LMLECC) និងប្រទេសជាដៃគូនានា។
បើតាមសមាគមឧកញ៉ាកម្ពុជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធ្ងន់ធ្ងរ ដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ បំផ្លាញបរិយាកាសធុរកិច្ចស្របច្បាប់ ព្រមទាំងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននិងកិត្តិនាមជាតិ។ សមាគម ឧកញ៉ាកម្ពុជា ប្រកាសជំហរ «មិនអធ្យាស្រ័យ» (Zero Tolerance) ចំពោះឧក្រិដ្ឋកម្មប្រភេទនេះ ដោយគ្មាន ករណី លើកលែងឡើយ។
សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអនុវត្តច្បាប់ និងដៃគូអន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋ ការពារកិត្តិនាមជាតិ និងកសាងអនាគតឌីជីថលដ៏ស្អាតស្អំ សម្រាប់ ប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្នុងស្មារតីទទួលខុសត្រូវចំពោះសង្គម និងការការពារកិត្តិនាមជាតិ សមាគមឧកញ៉ាកម្ពុជា ក៏បានអំពាវនាវដល់ សមាជិកទាំងអស់ ចូលរួមគាំទ្រសន្និសីទអន្តរជាតិនេះ តាមរយៈទម្រង់សមស្របណាមួយដូចជា៖
១. គាំទ្រគោលនយោបាយនិងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ២. ផ្សព្វផ្សាយព័ត៌មាននិងសារផ្លូវការពាក់ព័ន្ធនឹងសន្និសីទតាមបណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុនឬស្ថាប័នរៀងៗខ្លួន។ ៣. ពង្រឹងអភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថា អាជីវកម្ម ទីតាំង និងសេវាកម្មរបស់ខ្លួន មិនពាក់ព័ន្ធ នឹងសកម្មភាពឆបោក ឬសកម្មភាពខុសច្បាប់ណាមួយ។ ៤. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពដែលមាន សញ្ញាសង្ស័យ ស្របតាមច្បាប់ជាធរមាន។
ការចូលរួមរបស់សមាជិកសមាគមឧកញ៉ាកម្ពុជា នឹងបង្ហាញពីស្មារតីសាមគ្គីភាព និងភាពជាដៃគូរបស់វិស័យឯក ជនជាមួយរាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច និងរក្សាកិត្តិនាមជាតិ។ នេះបើតាមការបញ្ជាក់របស់សមាគមឧកញ៉ាកម្ពុជា៕