ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចពីមូលហេតុចម្បងចំនួន ៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកអញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅថ្ងៃទី ២៣ កញ្ញា ២០២៦។
មូលហេតុចម្បងនោះ រួមមាន ១-មធ្យោបាយនៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិតនិងឧបករណ៍អេឡិចត្រូនិចមួយ ២-ភាពចន្លោះប្រហោងនៃច្បាប់និងយុត្តាធិការរវាងប្រទេសនីមួយៗ ៣-ការចំណាយដើមទុនតិចទទួលបានផលច្រើន និង៤-ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនងនិងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។
ប្រឈមមុខនឹងបញ្ហានេះ លោក ស សុខា បានចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើស Online scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាពិសេសក៏បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ដែលក្នុងនោះមានជាអាទិ៍ ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បាននិងកំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលា។ លោក បានសង្កត់ធ្ងន់ថា « ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងយន្តការទាំងនេះ គឺដើម្បីគាំទ្រនិងសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលគឺ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងមិនឱ្យបទល្មើសនេះកើតឡើងវិញជាថ្មី»៕