Swift cc time

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ «គុណភាពបង្កើតទំនុកចិត្ត ទំនុកចិត្តបង្កើតតម្លៃ ហើយតម្លៃនឹងនាំឱ្យទេសចរណ៍កម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ កញ្ញា បានលើកឡើងថា គុណភាពបង្កើតទំនុកចិត្ត ទំនុកចិត្តបង្កើតតម្លៃ ហើយតម្លៃនឹងនាំឱ្យទេសចរណ៍កម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ លោករដ្ឋមន្រ្តី ចាត់ទុក «គុណភាព និងស្តង់ដា» គឺជាលក្ខខណ្ឌចាំបាច់សម្រាប់កសាងទំនុកចិត្ត រក្សាកេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» លោក ហួត ហាក់ បានគូសបញ្ជាក់ថា «ការគោរព និងអនុវត្តស្តង់ដា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តរបស់ភ្ញៀវ លើកេរ្តិ៍ឈ្មោះរបស់អាជីវកម្ម និងលើតម្លៃនៃម៉ាកទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង ជាក់ស្តែងបើយើងចង់បានភ្ញៀវកម្រិតខ្ពស់ យើងត្រូវមានសេវាកម្មកម្រិតខ្ពស់»។ ក្រៅពីធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប កម្ពុជាត្រូវធានាថា រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវ មានគុណភាព សុវត្ថិភាព អនាម័យ វិជ្ជាជីវៈ និងស្តង់ដាច្បាស់លាស់។

ដើម្បីជំរុញគុណភាពសេវាកម្មឱ្យមានភាពស៊ីចង្វាក់ និងឆ្លើយតបនឹងការរំពឹងទុករបស់ទីផ្សារ លោករដ្ឋមន្ត្រី បានគូសរំលេចថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាជាតិចំនួន ១៤ ព្រមទាំងជំរុញការអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាអាស៊ានចំនួន ៩ ដែលគ្របដណ្តប់លើសេវាស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា និងម៉ាស្សា សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទីក្រុងទេសចរណ៍ស្អាត និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ឱ្យពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងចូលរួមប្រកួតប្រជែងវាយតម្លៃស្តង់ដានៅកម្រិតអាស៊ាន និងអន្តរជាតិ។ ក្រសួងទេសចរណ៍នឹងបន្តធ្វើជាដៃគូគាំទ្រ និងសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍កម្ពុជានៅលើឆាកតំបន់ និងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង