ភ្នំពេញ៖ បុគ្គលិកធនាគារ កាណាឌីយ៉ា ចំនួន ៣៩៨នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល និងទទួលវិញ្ញាបនបត្រ តាមរយៈកម្មវិធីផ្គូផ្គងជំនាញរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ (Data Science)។
កម្មវិធីនេះត្រូវបានរៀបចំរួមគ្នាដោយធនាគារ កាណាឌីយ៉ា, Lotus Academy និង SDF នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពឌីជីថលរបស់បុគ្គលិកគ្រប់កម្រិត ចាប់ពីមន្ត្រីប្រតិបត្តិ រហូតដល់ថ្នាក់ដឹកនាំ។
ក្នុងចំណោមសិក្ខាកាម ៣៩៨នាក់ មាន ២៩៨នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលលើ Generative AI និង ១០០នាក់ បានបញ្ចប់វគ្គ Data Science និង Data Literacy។
លោក គី សុខគីម នាយកប្រតិបត្តិ SDF បានលើកឡើងថា ការអភិវឌ្ឍជំនាញឌីជីថលមានសារៈសំខាន់សម្រាប់ការបង្កើនផលិតភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ។ លោកក៏បានជំរុញឱ្យសិក្ខាកាមបន្តរៀនសូត្រ យកជំនាញទៅអនុវត្តជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ។
លោក Raymond Sia Say Guan បានបញ្ជាក់ថា ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងគ្រោងពង្រីកកម្មវិធីបណ្តុះបណ្តាលក្នុងដំណាក់កាលទី២ ដល់បុគ្គលិកប្រមាណ ៩៣០នាក់បន្ថែមទៀត។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ SDF បានអនុម័តការបណ្តុះបណ្តាលជំនាញឌីជីថលដល់សិក្ខាកាមសរុប ១៧ ៨៥៩នាក់ ក្នុងទំហំវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិក ក្នុងនោះ SDF ចូលរួមបដិភាគ ៥,៨២លានដុល្លារ៕