Swift cc time

ដំរីឈ្មោល ឈ្មោះ «សាគរ» នៅឧទ្យានសួនសត្វភ្នំតាម៉ៅ បានស្លាប់ក្នុងអាយុ ៣៤ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

តាកែវ៖ ដំរីឈ្មោល ឈ្មោះ «សាគរ» កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានស្លាប់ក្រោយពីបានធ្លាក់ខ្លួនឈឺនិងមានអាការហើមពោះខ្លាំង។ ក្រុមគ្រូពេទ្យសត្វជំនាញ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសង្គ្រោះ និងព្យាបាល យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ប៉ុន្តែជាអកុសលជីវិត សាគរ មិនអាចជួយសង្គ្រោះបាន។

បើតាមឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ បានបញ្ជាក់ថា ដំរីឈ្មោល ឈ្មោះ «សាគរ» អាយុ ៣៤ ឆ្នាំ បានស្លាប់កាលពីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៧:៤០យប់បន្ទាប់ពីធ្លាក់ខ្លួនឈឺនិងមានអាការហើមពោះខ្លាំង។ ក្រុមគ្រូពេទ្យសត្វជំនាញ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសង្គ្រោះ និងព្យាបាល យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ប៉ុន្តែជាអកុសលជីវិត សាគរ មិនអាចជួយសង្គ្រោះបាន។ ចំពោះមូលហេតុលម្អិតនៃការស្លាប់នេះ ក្រុមគ្រូពេទ្យសត្វកំពុងធ្វើកោសល្យវិច័យនិងពិនិត្យបន្ថែម។

គួររំលឹកថា ដំរី «សាគរ» កើត និងធំធាត់នៅក្នុងខេត្តកោះកុង ដោយត្រូវបានប្រទះឃើញដំបូងនៅក្នុងស្រុកបុទុម សាគរ។ ដោយសារបញ្ហាប្រឈមមួយចំនួន និងដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ សាគរ ត្រូវបានសង្គ្រោះ និងបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនៅក្នុងឆ្នាំ២០១២ ហើយ បានក្លាយជាសមាជិកដ៏សំខាន់និងជាទីស្រឡាញ់នៅក្នុងហ្វូងដំរីនៃមជ្ឈមណ្ឌលតាំងពីពេលនោះមក៕

Khcct banner

អត្ថបទទាក់ទង