ភ្នំពេញ៖ ក្នុងឆ្នាំ២០២៦នេះ អង្ករកម្ពុជា នាំចូលទៅហ្វីលីពីន ត្រូវបានរំពឹងទុកថានឹងកើនឡើងយ៉ាងខ្លាំង ជាង៥០ដង។ នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ ដោយផ្អែកលើការប៉ាន់ប្រមាណពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ការនាំចេញអង្ករទៅហ្វីលីពីនអាចឡើងដល់ប្រហែល ២០០,០០០ តោន នៅចុងឆ្នាំនេះ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងចំនួនត្រឹមតែ ៣,៥១០ តោនក្នុងឆ្នាំ ២០២៥។ ការធ្វើឡើងនេះ កំឡុងពេលបច្ចុប្បន្នហ្វីលីពីន កំពុងមានតម្រូវការអង្ករសគ្រាប់វែង ខណៈអង្ករកម្ពុជាមានតម្លៃប្រកួតប្រជែងប្រសើរជាងប្រទេសដទៃ។
ក្រោមការព្យាករណ៍នេះ ប្រហែល២០%នៃអង្ករសរុបរបស់កម្ពុជា នឹងត្រូវនាំចេញទៅហ្វីលីពីន ដែលនេះត្រូវបានប៉ាន់ប្រមាណថានឹងលើសពី១លានតោន។ ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានសន្មតការកើនឡើងនៃការដឹកជញ្ជូននេះថា បណ្តាលមកពីការបែងចែកការនាំចូលដ៏ទូលំទូលាយរបស់ប្រទេសហ្វីលីពីន និងអត្ថប្រយោជន៍តម្លៃ និងគុណភាពនៃអង្ករកម្ពុជា។
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងលោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន តាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជាក្នុងការបើកទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនរបស់ខ្លួន"។
គួរបញ្ជាក់ថា បើតាមការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) ការនាំចូលអង្ករពីប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ មានត្រឹមតែ ៦០,៨៦០តោនប៉ុណ្ណោះ ដែលទាបជាងប្រហែល ៧០% នៃគោលដៅពេញមួយឆ្នាំ។ តួលេខនេះ ប្រមាណ២.៥១%នៃចំនួននាំចេញអង្ករកម្ពុជាសរុបប៉ុណ្ណោះ៕