សិនយ៉ាង៖ កម្ពុជា កំពុងខិតខំពន្លឿនការធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធអ៊ីនធឺណិតឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូអន្តរជាតិ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់វិស័យកម្មន្តសាលដែលមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនេះ កម្ពុជាក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិន លើការអនុវត្តបច្ចេកវិទ្យា AI ក្នុងវិស័យឧស្សាហកម្ម ការស្រាវជ្រាវអនុវត្ត និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍកម្លាំងពលកម្ម រួមមានកិច្ចសហការបណ្តុះបណ្តាល និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
ថ្លែងក្នុងសន្និសីទអ៊ីនធឺណិតឧស្សាហកម្មសកល ឆ្នាំ២០២៦ នៅទីក្រុងសិនយ៉ាង គណៈប្រតិភូកម្ពុជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាមូលដ្ឋានឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ក្រោមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ និងក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍។
លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជា បានលើកឡើងថា៖ “បញ្ញាសិប្បនិម្មិត និងអ៊ីនធឺណិតឧស្សាហកម្ម លែងជាគោលគំនិតសម្រាប់អនាគតទៀតហើយ ប៉ុន្តែជាកម្លាំងចលករស្នូលដែលជំរុញភាពប្រកួតប្រជែងឧស្សាហកម្មទំនើប ប្រសិទ្ធភាពធនធាន និងភាពធន់នៃពាណិជ្ជកម្មសកល។"
លោកបានបន្ថែមថា៖ “ដើម្បីសម្រេចបាននូវ ‘បរិវត្តកម្មឆ្លាតវៃ’ ពិតប្រាកដ យើងត្រូវកាត់បន្ថយគម្លាតរវាងការស្រាវជ្រាវ AI កម្រិតខ្ពស់ ទៅនឹងការអនុវត្តជាក់ស្តែងក្នុងឧស្សាហកម្ម”។"
សូមជម្រាបថា សន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ផ្តោតលើការលើកកម្ពស់ឧស្សាហកម្ម និងបរិវត្តកម្មឌីជីថលដែលជំរុញដោយ AI។ សន្និសីទនេះរៀបចំឡើងក្រោមប្រធានបទ "ការធ្វើបរិវត្តកម្មឆ្លាតវៃ និងការធ្វើទំនើបកម្មឌីជីថល — AI ជំរុញវិស័យឧស្សាហកម្ម" ដែលបានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សាអំពីរបៀបដែល AI និងប្រព័ន្ធឧស្សាហកម្មដែលតភ្ជាប់គ្នា កំពុងរៀបចំឡើងវិញនូវផលិតកម្ម ពាណិជ្ជកម្ម និងភាពប្រកួតប្រជែង៕