ភ្នំពេញ៖ លោក Christopher Anderson បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ក្រោមអធិបតីភាពលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក។ ការចូលកាន់តំណែងនេះ លោក Anderson ត្រៀមដឹកនាំបេសកកម្មការទូតអាម៉េរិកនៅកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឈានទៅកាន់ជំពូកថ្មីមួយ។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៦កញ្ញានេះ។
ស្ថានទូតអាម៉េរិកបានឱ្យដឹងថា លោក Anderson នឹងផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ព្រមទាំងធ្វើការជាមួយដៃគូកម្ពុជា ក្នុងការបង្ក្រាប និងរុះរើបណ្តាញឆបោកតាមអនឡាញ ដែលបានលួចប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាម៉េរិក និងប្រជាជននៅជុំវិញពិភពលោក។
សូមជម្រាបថា លោក Christopher Anderson មានប្រវត្តិបម្រើការជាយោធាជើងគោកអាម៉េរិក ហើយនឹងមកដល់រាជធានីភ្នំពេញក្នុងពេលខាងមុខ ដើម្បីចាប់ផ្តើមបំពេញភារកិច្ចការទូតក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ស្ថានទូតអាម៉េរិកបានសម្តែងការរំពឹងថា លោកឯកអគ្គរដ្ឋទូតថ្មីនឹងចូលរួមជំរុញផលប្រយោជន៍របស់អាម៉េរិក ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា៕